វិនិយោគិនចិន​ មកពីខេត្តចឺជាំង​ ការទស្សនកិច្ចសិក្សានៅកម្ពុជា​ មានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នាព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥​បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក លាន់ អុីនតុង​ (Luan Yundong) ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយ។ ក្រុមហ៊ុន Chilwee Group គឺជាក្រុមហ៊ុនផលិតអាគុយដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងឈានមុខគេនៅប្រទេសចិន។ តាមរយៈទស្សនកិច្ចសិក្សានេះ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។ លោកអគ្គលេខាធិការបានលើកទ្បើងពីសក្តានុពលក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទី និងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដែលបច្ចុប្បន្នស្វាយចន្ទីគឺជាវិស័យដែលមានសក្តានុពលក្នុងការវិនិយោគ និងជាដំណាំកសិកម្មដែលអាចទាញយកផលប្រយោជន៍ជាអតិបរិមា។ រីឯវិស័យថាមពល ក្រុមហ៊ុនអាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។

បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

...

ជាការឆ្លើយតប លោក លាន់ អុីនតុងបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍ថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print