ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ២កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប>> ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកជំទាវ អុិច ស្រីស្រស់។
ក្នុងពិធីមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និងកងកម្លាំងនគរបាលនារី សរុបវត្តមានចូលរួម ៣៣៧នាក់ ស្រី ២៧១នាក់។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បាននាំយកប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ និងក្នុងនាមថ្នាក់ដឹកនាំកងកម្លាំនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងភរិយា បានជូនពរ និងអបអរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូន កងកម្លាំងនគរបាលនារីទាំងអស់ក្នុងមនោសញ្ជោតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកថវិកាជូនដល់កងកម្លាំងនគរបាលនារីចំនួន ២៧១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ៕
ដោយ៖ អរុណរះ