ភ្នំពេញ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស បានសហការជាមួយក្លឹបបាល់ទាត់ណាហ្គាខប ដែលជាក្លឹបបាល់ទាត់ដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការនេះមានគោលបំណងផ្តល់ការបណ្តុះបណ្តាបាល់ទាត់ដល់កុមារនៅសាលាបឋមសិក្សាក្រាំងពង្រ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ តាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់ខ្លួន។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល មានប្រសាសន៍ថា “តាំងពីខែមីនា ឆ្នាំ២០១៤ មក ណាហ្គាវើលបេះដូងសប្បុរស បានឧបត្ថម្ភអាវយឺតជាង ៤០០អាវ បាល់ទាត់ និងបាល់ទះជាង ១.២០០ ដល់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងអង្គការជាច្រើនសម្រាប់សកម្មភាពកីឡារបស់ពួកគេ។ កម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់យើង បានផ្តល់ផលប្រយោជន៍ដល់កុមារកម្ពុជាប្រមាណ ២.០០០នាក់ នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ យើងសង្ឃឹមថា កីឡាករបាល់ទាត់វ័យក្មេង និងប្រកបដោយទេពកោសល្យរបស់យើង នឹងលេងក្នុងក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតក្នុងការប្រកួតអន្តរជាតិ ជាពិសេសការប្រកួតបាល់ទាត់ពិភពលោក”។
លោក ឆាយ សង្ហា គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើល មានប្រសាសន៍ថា “យើងសប្បាយរីករាយក្នុងការបណ្តុះបណ្តាល និងចែករំលែកដល់កុមារនូវជំនាញបាល់ទាត់។ តាមការសង្កេតរបស់ខ្ញុំ កុមារទាំងអស់បានទទួល និងយល់អំពីអ្វីដែលយើងបានបង្រៀនពួកគេ។ បន្ទាប់អនុវត្តក្រោយពីបានរៀនទ្រឹស្តីដែលខ្ញុំបានបង្រៀន ពួកគេលេងបានល្អជាងមុន។ ខ្ញុំសង្ឃឹមថា កីឡាករវ័យក្មេងទាំងអស់ នឹងព្យាយាមអនុវត្តបន្ថែមទៀតដើម្បីពង្រឹងជំនាញដែលបានរៀនពីការបណ្តុះបណ្តាលនេះ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងចែករំលែកនូវជំនាញបាល់ទាត់ជាមួយកុមារផ្សេងទៀតនាពេលអនាគត”។
ខាន គឹមហេង សិស្សថ្នាក់ទី៤ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលនេះ បាននិយាយថា “នេះគឺជាលើកទី៣ ដែលខ្ញុំចូលរួមការបណ្តុះបណ្តាលបាល់ទាត់ដែលបានរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស។ ខ្ញុំរៀនបានច្រើនពីការបណ្តុះបណ្តាលបាល់ទាត់នេះជារៀងរាល់លើកពេលដែលខ្ញុំបានចូលរួម។ លើសពីនេះទៅទៀត ខ្ញុំមានឱកាសអនុវត្តនូវជំនាញដែលខ្ញុំបានរៀនជាមួយកីឡាករបាល់ទាត់អាជីពជាច្រើនរូបទៀតផង។ ខ្ញុំជឿថា ខ្ញុំលេងបានល្អជាងមុនច្រើនមែនទែន តាំងពីខ្ញុំបានចាប់ផ្តើមចូលរួមក្នុងការបណ្តុះបណ្តាលនេះ។ ឥឡូវខ្ញុំអាចគ្រប់គ្រងបាល់បានយ៉ាងល្អ ហើយនឹងអាចស៊ុតបាល់បញ្ចូលទីបានច្រើនគ្រាប់រាល់ការប្រកួត។ ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសនូវសណ្តានចិត្តនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ហើយខ្ញុំស្នើសុំពួកគាត់ឲ្យជួយផ្តល់ការ
បណ្តុះបណ្តាលបន្ថែមទៀតដល់ពួកយើងនាពេលអនាគត”។
លោក អ៊ុំ ថុង គ្រូបណ្តុះបណ្តាលបាល់ទាត់នៅសាលាបឋមសិក្សាក្រាំពង្រ មានប្រសាសន៍ថា “យើងសប្បាយរីករាយណាស់ដែលឃើញណាហ្គាវើលបេះដូងសប្បុរសម្តងទៀត។ និយាយដោយស្មោះត្រង់ទៅ មិនធ្លាប់មាននរណាបានមកបង្រៀន និងបណ្តុះបណ្តាលជំនាញលេងបាល់ទាត់ដល់កុមាររបស់យើងទេពីមុនមក។ ណាហ្គាវើលបេះដូងសប្បុរស បាននាំយកនូវសេចក្តីសង្ឃឹមសម្រាប់កុមាររបស់យើង។ យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះកិច្ចខិតខំប្រឹងប្រែងសប្បុរសរបស់ពួកគេ ហើយពួកគេថែមទាំងបានផ្តល់សម្ភារៈកីឡាជាច្រើនដល់កុមាររបស់យើងទៀតផង”៕
ដោយ៖ ស ដារ៉ា