ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករជាតារាសម្តែងប្រមាណជាង៥០នាក់នឹងចូលរួមសម្តែងខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍បាយ័នគឺរឿង «ព្យុះជីវិតចិត្តអ្នកលេង»។ ការបញ្ហាញវត្តមានតារាសម្តែងក្នុងខ្សែភាពយន្តនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តខាងលើ។
តួសម្តែងក្នុងរឿង «ព្យុះជីវិតចិត្តអ្នកលេង» មានលោកហេង នរៈកក្កដា កញ្ញាម៉ុន ផលចរិយា លោកចន អេឡិចដាហ្វី កញ្ញាលឹម មួយហ្គេច លោកយឹម សម្បត្តិ កញ្ញាម៉ៅ គីមធីតា លោកលឹម រដ្ឋា កញ្ញាណា សាឌី លោកថម មី កញ្ញាសឿន ផាន់ផាភួង កញ្ញាញឹម ចាន់ថន លោកភឹម តារាវិបុល អ្នកនាងនិន សុធារ៉ា លោកជា សំណាង លោកហេង ស៊ីមន កញ្ញាហូរ ដាណេ និងតារាជាច្រើនរូបទៀត។
អ្នកនាង ភិន សុដាលីស នាយកប្រតិបត្តិប្រចាំផលិតកម្មមហាហង្សបានប្រាប់ឲ្យដឹងថារឿង «ព្យុះជីវិតចិត្តអ្នកលេង» ដែលផលិតកម្មមហាហង្សកសាងឡើងនេះជាស្នាដៃដំបូងដែលបានសម្រេចយកទៅបញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ដែលជាស្ថានីយ៍ទូរទស្សន៍ល្បីមួយក្នុងចំណោមស្នានៃទូរទស្សន៍នានា។ នាងថា រឿងមួយនេះមានចំនួនជិត ៥០ភាគដែលប្រជុំដោយាតារាជាច្រើនសុទ្ឋតែពូកែសម្តែងបានមកប៉ះគ្នាបញ្ចេញស្នាដៃនេះឲ្យប្លែកដោយសរុបតួមានរហូតដល់ជាង៥០នាក់នេះជាតួលេខមិនធ្លាប់មាន។
តារាស្រីដែលមុននេះស្មុគស្មាញក្នុងផ្លូវស្នេហាបានឲ្យដឹងទៀតថា វណ្ណកម្មថ្មីចាក់នៅទូរទស្សន៍បាយ័ននេះជារឿងដែលផ្តោតលើបុរសតែងមានចរិកជាស្រីហើយស្រីជាតួមានអត្តចរិកជាប្រុស ចូលចិត្តធ្វើខ្លួនប្លែកៗនៅស្រុកស្រែដែលមានចរិកបែបអ្នកស្រែហើយមិនជឿខ្លួនឯងថា មានឱកាសក្លាយជាតារាល្បី។ ដោយមានតារាសម្តែងជាច្រើនចូលរួមសម្តែងនោះទើប ការចំណាយដើមទុនច្រើនគួរសមហើយមិនចម្លងពីបរទេសនោះទេ ដោយខាងក្រុមការងារបានចងក្រងសរសេរឡើងតាំងពី២ឆ្នាំមុនម្ល៉េះ ហើយក៏មិនបំផុសរឿងចង់ឲ្យមានការកើតមានឡើងរឿងបុរសខ្ទើយស្រីខ្ទើយនោះទេនេះជាច្បាប់ធម្មជាតិ។
លោក ឡុក សុភាព ជាអ្នកដឹកនាំរឿងបានឲ្យដឹងថា សម្រាប់ការមើលតួសម្តែងយើងគិតថា មិនពិបាកនោះទេព្រោះតួសុទ្ឋតែជាអ្នកធ្លាប់សម្តែងមានបទពិសោធន៍ក្នុងសិល្បៈយូរមកហើយ។ អ្វីដែលពិបាកគឺឲ្យមនុស្សប្រុសធម្មតាសម្តែងជាខ្ទើយឲ្យសមគឺអាចចាយពេលយូរដែរ ប៉ុន្តែយ៉ាងណាលោកនឹងជួយណែនាំបន្ថែមប្រសិនបើសិល្បករទាំងនោះមានការខ្វះចន្លោះ។ លោកថា រឿងនេះកាន់តែល្អមើលព្រោះទាំងកំប្លែង ស្នេហា ការកាច់កុងច្រណែឈ្នានីស និងបង្កប់ដោយទស្សនៈអប់រំច្រើន។
លោក ហេង នរៈកក្កដា ជាតួឯកប្រុសបានឲ្យដឹងថា លោកក៏រីករាយដែលបានប៉ះគ្នាជាមួយកញ្ញាចរិយា ដែលជាតារាស្រីកំពុងមានសន្ទុះកេរ្តី៍ឈ្មោះក្នុងសិល្បៈ។ រឿងនេះប្រហែលជាមានការបង្ហាញឈុតស្នេហាច្រើនដែលតម្រូវឲ្យលោកសូមអភ័យទោសជាមុនដល់តួឯកស្រី ប្រសិនបើលើសលោះអ្វីនោះពេលសម្តែងដោយលោកនឹងព្យាយាមនិយាយលេងនៅខាងក្រៅជាមួយតួស្រីឲ្យបានច្រើនដើម្បីបានស្និតស្នាលគ្នាស្រួលថតទៅមានសភាពស៊ីសង្វាក់គ្នាល្អ។
កញ្ញា ម៉ុន ផលចរិយា ដែលបានតំណែងជាតួឯកស្រីលើកដំបូងឲ្យមហាហង្សបានថ្លែងថា នាងពិតជារីករាយខ្លាំងណាស់ដែលបានមហាហង្សផ្តល់តំណែងឲ្យនាងជាតួឯកលើកដំបូងនិងជាលើកទី១ដែលនាងបានធ្វើការជាមួយមហាហង្ស។ ដូចនេះរាល់ខ្លឹមសារសាច់រឿងដែលអ្នកដឹកនាំរឿងផ្តល់ជូននាងនឹងព្យាយាមធ្វើឲ្យបានល្អដើម្បីទទួលបានភាពជោគជ័យនៅលើសិល្បៈក៏ដូចជាចង់ឲ្យមហាជនចាប់អារម្មណ៍គ្រាដែលនាងបានថតហើយផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នរិតតែពិសេសថែមទៀត។ នាងរំពឹងថា ទស្សនិកជននឹងគាំទ្រស្នាដៃសម្តែងរបស់នាងនិងសិល្បករដទៃ និងការដឹកនាំរឿងថ្មីរបស់ផលិតករផងដែរ៕
ដោយ៖ វឌ្ឍនា