ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែងកំពុងមានប្រជាប្រិយភាពកញ្ញា ជុំ រចនាពេជ្រ ហៅបេប៊ី បានសម្តែងនូវអារម្មណ៍ខឹងសម្បារ និងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ព្យាយាមតាមដាននាងស្ទើគ្រប់ជំហ៊ាន។
នាងព្រមានប្តឹងមន្ត្រីមានសមត្ថកិច្ចឲ្យចាត់វិធានការទៅលើបុរសនេះតាមផ្លូវច្បាប់ប្រសិនបើបុរសនេះមិនបញ្ឈប់សកម្មភាពរំខានដល់អារម្មណ៍របស់នាង។
បេប៊ីបញ្ជាក់ថា មួយរយៈចុងក្រោយនេះមានបុរសម្នាក់ដែលលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានព្យាយាមរំខាន តាមដាននាងស្ទើគ្រប់ជំហ៊ាន ពិសេសគ្រាដែលនាងចេញទៅធ្វើការងារសិល្បៈ។ ពិធីការិនីទូរទស្សន៍ My TV រូបនេះបញ្ជាក់ថា គណនីយ ហ្វេសបុកមួយមានឈ្មោះ «បេះដូងក្ររហាម» ដែលបានព្យាយាមតាមស៊ើបរាល់សកម្មភាពនាងទៅណាមកណា សម្តែងនៅទីណា ហើយចូលមករិះគន់ឲ្យនាងទាំងសម្តីមិនសមគួរម្តងហើយម្តងទៀត មិនឈប់ឈរ ខណៈដែលនាងមិនដែលបានស្គាល់បុរសនោះពីមុនមកសោះ។
នាងបន្តថា បុរសនោះទំនងជាមានជំងឺរោគចិត្ត ហើយបានជាតាមរំខាននាងមិនឈប់បូករួមទាំងការ Comment ពាក្យអសុរស និងការព្យាយាម Chat មកនាងជាដើម។ នាងថា មិនចង់ឲ្យអ្នកគាំទ្រមួយចំនួនយល់ច្រឡំមកលើនាងពិសេសទាក់ទងនឹងការប្រើប្រាស់ពាក្យពេជ្រលើហ្វេសប៊ុក ទើបនឹងកាត់បន្ថយការលេងបណ្តាញទំនាក់ទំនងសង្គមមួយនេះ។ អ្វីដែលនាងកាន់តែព្រួយបារម្ភគឺបុរសនេះធ្លាប់ព្យាយាមសាកសួរប្រវត្តិ និងតាមដាននាងយ៉ាងកៀកកិតដែលសូម្បីតែការចេញចូលទៅសម្តែង ទៅធ្វើជាការងារជាពិធីការិនីក៏ត្រូវបុរសនេះតាមរកដែរ ហើយបុរសនេះក៏ព្យាយាមស្វែងរកលេខទូរស័ព្ទទំនាក់ទំនងមកនាងផងដែរ។
នាងគ្រោងនឹងស្នើឲ្យមានការអន្តរាគមពីសំណាក់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្វែងរកបុរសនោះមកធ្វើការណែនាំអប់រំ ។ នាងបញ្ជាក់ថានឹងសម្រាកពីការលេងបណ្តាញទំនាក់ទំនងសង្គមមួយរយៈពេលដើម្បីកុំឲ្យមានបញ្ហាវែងឆ្ងាយបន្តទៀត៕
ដោយ៖ វឌ្ឍនា