លោកបណ្ឌិត ឆាយ សុផល ៖ “ព័ត៌មាន និងដំណឹងមានចរិតផ្សេងគ្នា”

ចែករំលែក៖

ភ្នំពេញ ៖ “ព័ត៌មាន និងដំណឹងមានចរិតផ្សេងគ្នា” នេះគឺជាការបញ្ជាក់របស់គ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ។

ក្នុងវគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ជូនសិក្ខាកាម ជាមន្ត្រីរាជការក្រោមឱវាទក្រសួងមុខងារសាធារណៈ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចែករំលែកចំណេះដឹង និងបទពិសោធស្តីពី វិធីសាស្រ្តសរសេរខ្លឹមសារដំណឹង ក្នុងបរិបទការងារក្រសួងនិងស្ថាប័ន ជូនដល់សិក្ខាកាមចំនួនប្រមាណ១០០នាក់។ ក្នុងបទបង្ហាញស្ដីពីប្រធានបទខាងលើ ចំណុចសំខាន់មួយដែល លោកបណ្ឌិត បានកត់សម្គាល់ ពីភាពខុសគ្នារវាង ព័ត៌មាន និងដំណឹង។

លោកបណ្ឌិតបានបញ្ជាក់ថា «ព័ត៌មាន» គឺជាស្ថានការណ៍មួយផ្នែកផ្អែកលើព្រឹត្តិការណ៍ដែលបានកើតឡើង។ ចំណែក «ដំណឹង» គឺជាបណ្តុំព័ត៌មានដែលមានទិន្នន័យច្បាស់លាស់ និងពេញលេញផ្អែកលើ 5W+H (What, When, Where, Who, Why និង How)។ លោកបណ្ឌិត បានពន្យល់បន្ថែមថា ប្រសិនបើគិតជាភាសាអង់គ្លេស ដំណឹង ឬ NEWS អាចកត់សម្គាល់ និងចងចាំបានថា ជាព័ត៌មានថ្មី (NEW) ដែលបានមកពីគ្រប់ទិសទី North, East, West, South។

គួររម្លឹកថា ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពជំនាញទំនាក់ទំនងសាធារណៈ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣រូប រួមមាន លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print