ភ្នំពេញ ៖ នៅថ្ងៃទី១ មីនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal។
សម្រាប់ផែនការការងារ ឆ្នាំ២០២៥នេះ សហព័ន្ធ គ្រោងនឹងចំណាយ ថវិកា ៨ ៤៥៦ ៨៦៧.២៦ ដុល្លារ ខណៈសហព័ន្ធ ទទួលបានចំណូល ៨ ៤៧៧ ២១០.៤៧ដុល្លារ ពី FIFA, សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី, សហព័ន្ធបាល់ទាត់អាស៊ាន, ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធបាល់ទាត់ជប៉ុន និងអ្នកឧបត្ថម្ភនានា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងទំហំទឹកប្រាក់ ៤.៤លានដុល្លារ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ។ កីឡដ្ឋាននេះ អាចផ្ទុយអ្នកទស្សនាបាន ១២,០០០នាក់ តែជំហានដំបូង គ្រោងសាងសង់កៅអីអង្គុយទស្សនា ៤,២០០នាក់សិន ។
នេះបើតាមការបញ្ជាក់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធ លើកទី១៩ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា