ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេច និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ។
ជាមួយគ្នានោះ សម្ដេចធិបតី សូមផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេច, របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ហើយការរក្សាភាពសុខដុមរមនាពូជសាសន៍ និងសាសនានេះ គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជន ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច ។
ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់បងប្អូនម៉ូស្លីម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ ដែលនឹងមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦ ២០០នាក់ ចូលរួមក្នុងឆ្នាំនេះ ។
ជាថ្មីម្តងទៀត សម្ដេចធិបតី សូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងបងប្អូនម៉ូស្លីម លើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៥ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖តារា