ពលរដ្ឋមួយចំនួន ចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េ ជាការបំផ្លាញក្ដីសុខពលរដ្ឋនិងកិត្តិយសប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានបញ្ចេញមតិយោបល់របស់ពួកគេ ទៅលើបាតុកម្មរបស់ក្រុមប្រឆាំងដែលធ្វើឡើងនៅទឹកដីសាធារណរដ្ឋកូរ៉េ ដោយបានយល់ថាជាសកម្មភាពដែលបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។

លោក ឃុន ឃា អាយុ៤៤ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្ត ព្រៃវែងបាននិយាយថា បាតុកម្មនេះជាអំពើបោកប្រាស់ ញុះញង់របស់ក្រុមជ្រុលនិយមប៉ះពាល់ដល់សន្តិសុខប្រទេសកូរ៉េ និងអាប់ឱនដល់កិត្តិយសជាតិ។ លោកថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះពាល់សន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។

លោក វ័ន សុភ័ក្ដ្រ អាយុ៣៩ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តកណ្ដាល បានជំរុញឱ្យជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ គួរតែបញ្ឈប់ការធ្វើបាតុកម្មព្រោះក្រុមអ្នកធ្វើបាតុកម្មនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរចង់បាននោះទេ។ លោក និងពលរដ្ឋដទៃទៀត មិនពេញចិត្តនឹងសកម្មភាពធ្វើបាតុកម្មនោះទេ ព្រោះមិនចង់ឃើញអស្ថិរភាពនយោបាយកើតឡើងនៅក្នុងសង្គមកម្ពុជា។ លោកថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ ព្រោះបាតុកម្មនៅលើស្រុកទេសគេបែបនេះ ធ្វើឱ្យប្រទេសជាតិយើងបាត់បង់កិត្តិយស ហើយបរទេសនឹងមើលមកយើងថា ជាតិខ្មែរមិនសាមគ្គីគ្នា គឺបាតុកម្មប្រឆាំងតែជាមួយរាជរដ្ឋាភិបាលខ្លួនឯង និងបង្កបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ»។

ពលរដ្ឋជាច្រើននាក់ផ្សេងទៀតក៏បានបញ្ចេញយោបល់ស្រដៀងៗគ្នានោះផងដែរក្នុងន័យ មិនគាំទ្រចំពោះបាតុកម្មដែលធ្វើឡើងនេះ និងជារឿងដែលមិនបានផ្ដល់ប្រយោជន៍ជូនជាតិនោះទេ។ 

ចំណែកអ្នកស្រី សឿន ណារិន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តតាកែវ បាននិយាយថា៖ «ខ្ញុំមិនចូលចិត្តបាតុកម្មទេ ព្រោះវាជាកត្តាដែលរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិយើង បើយើងមួយថ្ងៃៗគិតតែពីធ្វើបាតុកម្ម គឺយើងគ្មានពេលវេលាធ្វើការងារ គ្មានការអភិវឌ្ឍសមត្ថភាព និងគ្មានការងារល្អសមរម្យសម្រាប់រកលុយកាក់ចិញ្ចឹមជីវិតនោះទេ»។

អ្នកស្រី អ៊ួន សៅនី អាយុ ២៤ឆ្នាំ ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖ «បាតុកម្ម គឺមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសជាតិនោះទេ ហើយវាក៏មិនអាចធ្វើឱ្យប្រទេសជាតិរីកចំរើនដែរ។ ក្នុងនាមយើងជាយុវជន ខិតខំប្រឹងប្រែងធ្វើការងារ ពង្រឹងសមត្ថភាព ហើយមានពេលវេលាសម្រាកឱ្យបានច្រើន ដើម្បីមានកម្លាំងប្រកបការងារផ្សេងៗទៀត»។

ចំណែកលោក ផល ចិត្រា អាយុ ៤៥ឆ្នាំ ប្រជាជនមកពីខេត្តព្រែវែង បាននិយាយថា៖ «ខ្ញុំក៏អត់គាំទ្រសកម្មភាពបាតុកម្មដែរ ព្រោះបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ»។

អ្នកស្រី សាន ស្រីអូន អាយុ ២៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភ្នំពេញ បាននិយាយថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ គឺស្អប់ខ្ពើមការធ្វើបាតុកម្ម ព្រោះទម្រាំតែយើងបានដើរមកដល់ចំណុចនេះ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងប្រទេសជាតិយើងឱ្យរីកចំរើន»។

គួររំឭកផងដែរថា បាតុកម្មនៅក្រៅប្រទេសដឹកនាំដោយទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅ ប្រទេសមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយមធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។

ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។ ដូចនេះហើយបានជាពលរដ្ឋខ្មែរនៅក្នុងស្រុក បានថ្កោលលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់៕

ប្រភព៖ សារព័ត៌មានកម្ពុជាថ្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print