រឿង រស្មីពន្លឺក្រោមដំបូលមេឃនៃភពងងឹត (ត)

ចែករំលែក៖

* បទពិសោធន៍របស់លឹម សៀកជន
ខ្ញុំឈ្មោះ លឹម សៀកជន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់រស់នៅក្នុងភូមិអូរ ហៅភូមិចិនយំ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ នៅក្នុងភូមិនោះមានសុទ្ធតែជនជាតិចិននិងយួន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុទើបតែ ១៤ ឆ្នាំ អង្គការបានចាត់តាំងឲ្យខ្ញុំចូលក្នុងកងកុមារស្រួច។ ពេលទៅដល់ជំរំភ្លាមអង្គការបានជជីកសួរប្រវត្តិរបស់ខ្ញុំ។ ខ្ញុំបានអ្នកលាក់បាំងពីសាវតារគ្រួសាររបស់ខ្ញុំមិនអាចឲ្យនរណាដឹងបានទេ ខ្លាចខ្មែរក្រហមសម្លាប់ផ្ដាច់ពូជ ព្រោះបងប្រុសរបស់ខ្ញុំគឺជាគ្រូបង្រៀន និងបងម្នាក់ទៀតជាអតីតទាហានលន់ នល់ ក្នុងខេត្តពោធិ៍សាត់។
ខ្មែរក្រហមបានឲ្យខ្ញុំធ្វើការនឿយហត់គ្មានកម្លាំង។ ជារៀងរាល់ថ្ងៃមិនដែលបានឈប់សម្រាកឡើយ តែខ្ញុំ នៅតែតស៊ូមិនព្រមចុះចាញ់ទេ។ នៅយប់មួយក្នុងឆ្នាំ ១៩៧៨ ខ្ញុំត្រូវបានអង្គការចាត់ឱ្យទៅសម្រាកនៅជំរំក្មេងវ័យជំទង់។ ពេលនោះមេកងបានហៅឈ្មោះអ្នកនៅក្នុងជំរំដោយប្រាប់ថា យកក្រុមវ័យជំទង់ទៅដាំដំឡូងនិងឆ្ការចម្ការពោតជាដើម ប៉ុន្តែគោលបំណងរបស់ខ្មែរក្រហម គឺយកទៅសម្លាប់ចោល។ ខ្ញុំមានសំណាងណាស់ព្រោះខ្ញុំគ្មានឈ្មោះទៅនឹងគេ។
ប៉ុន្មានខែក្រោយមក សង្គ្រាមបានកើតឡើងនៅស្ទើរគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ ខ្ញុំបានទៅជួបជុំជាមួយបងប្អូនស្រីរបស់ខ្ញុំនៅក្នុងខ្ទមមួយ។ នៅយប់នោះមានកងឈ្លបបម្រុងចូលចាប់បងប្អូនរបស់យើងទាំងបីនាក់យកទៅសម្លាប់ ប៉ុន្តែ សំណាងល្អគ្រានោះខ្ញុំបានដឹងខ្លួនមុនហើយធ្វើជាដេកលក់។ កងឈ្លបម្នាក់ក្នុងចំណោមកងឈ្លបទាំងបីនាក់បានឃាត់មិនឱ្យយកយើងទៅសម្លាប់ទេ ព្រោះគាត់មានចិត្តអាណិតឃើញយើងជាក្មេងកំព្រា។
*បទពិសោធន៍របស់កែវ សំណានកវី ÷
ខ្ញុំឈ្មោះកែវ សំណានកវី មានអាយុ 11 ឆ្នាំក្នុងរបបខ្មែរក្រហម។ខ្ញុំរស់នៅទីក្រុងភ្នំពេញ ហើយត្រូវខ្មែរក្រហមជម្លៀសទាំងក្រុមគ្រួសារចេញពីភ្នំពេញទៅកាន់ខេត្តព្រៃវែង ក្នុងស្ថានភាពជ្រួលច្របល់ណាស់។ មនុស្សម្នាជាច្រើនធ្វើដំណើរតាមផ្លូវងងឹតទ្រុប ឃើញដូច្នោះម្ដាយរបស់ខ្ញុំបានយកខ្សែមកចងជើងចងដៃបងប្អូនទាំង ៥ នាក់របស់ខ្ញុំជាប់ៗគ្នា ព្រោះខ្លាចវង្វេងគ្នាតាមផ្លូវ។
នៅពេលខ្ញុំទៅដល់ស្រុកពាមជ្រៃខេត្តព្រៃវែង ខ្ញុំត្រូវបានអង្គការយកទៅដាក់ក្នុងកងកុមារតូចៗ ដែលមានយាយៗនៅចាំមើលថែរក្សា។ អង្គការប្រើខ្ញុំឲ្យដើររើសអាចម៍គោនិងកាត់ទន្ទ្រានខេត្តយកមកធ្វើជីជាមួយក្មេងដទៃទៀត។ នៅពេលធ្វើការងារចប់ខ្ញុំបានឆ្លៀតដើររើសខ្ចៅ ខ្យងនិងក្តាមតាមវាលស្រែ។បានយ៉ាងច្រើនយកមកហូប។ យាយដែលនៅមើលថែខ្ញុំមិនសូវជាកាចនោះទេ ទើបខ្ញុំ និងក្មេងឯទៀតអាចចេញដើរលេងបានតាមចិត្ត។ លុះដល់ឆ្នាំ ១៩៧៨ ខ្ញុំបានចូលកងកុមារស្រួចមានតួនាទីជាអ្នកឃ្វាលក្របី។ ខ្ញុំពិបាកណាស់ពេលទៅឃ្វាលក្របី ព្រោះខ្ញុំជាក្មេងរស់នៅទីក្រុងមិនដែលឃ្វាលគោក្របីនោះទេ ហើយណាមួយទៀតសត្វក្របីមានមាឌធំខ្ពស់មានកម្លាំងខ្លាំងអូសខ្ញុំម្ដងៗចង់ផ្កាប់មុខលើដី។ ខ្ញុំត្រូវឃ្វាលក្របីឆ្ងាយពីភូមិប្រហែល ៥គីឡូម៉ែត្រ។ វាពិតជាពិបាកណាស់។ ពេលបានត្រឡប់មកដល់ខ្ទមមួយថ្ងៃ ដូចបានរួចជីវិតមួយថ្ងៃដែរ។
* បទពិសោធន៍របស់ព្រំ សាផាន្ធា
ខ្ញុំគឺជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងសម័យសង្គមរាស្ត្រនិយមខ្ញុំជាអតីតសិល្បករនៃរបាំបាឡេបែបមជ្ឈិមប្រទេស។ ពេលខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញខ្មែរក្រហមបានឲ្យខ្ញុំរស់នៅជាមួយក្រុមគ្រួសារអ្នកភូមិ។ ខ្មែរក្រហមបែងចែកឲ្យប្រជាជនរស់នៅតាមអ្នកថ្មី និងអ្នកមូលដ្ឋាន។ នៅពេលនោះយើងនៅហូបចុកដោយឡែកពីគ្នានៅឡើយ។ ពេលយូរបន្តិចទៅ អង្គការបើកអង្ករឲ្យមួយថ្ងៃមួយកំប៉ុង។ ក្នុងរយៈពេលប្រហែល ៩ ខែកន្លងទៅ អង្គការបានដកប្រជាជនមួយចំនួនដើម្បីយកទៅរស់នៅកន្លែងផ្សេងទៀតព្រោះប្រជាជនក្នុងភូមិមានចំនួនច្រើនជាងចំនួនប្រជាជនដែលខ្មែរក្រហមត្រូវការ។ គ្រួសាររបស់ខ្ញុំក៏ស្ម័គ្រចិត្តចេញពីភូមិនោះ។ ខ្មែរក្រហមបានដឹកពួកយើងតាមឡានហើយឲ្យយើងជិះរថភ្លើងបន្តដំណើរទៅមុខទៀត។ ទៅដល់ស្ថានីយ៍រថភ្លើងមួយ ខ្មែរក្រហមទម្លាក់ប្រជាជនម្ដង ១០ ទៅ ១៥ គ្រួសារ ហើយក្រុមគ្រួសាររបស់ខ្ញុំត្រូវខ្មែរក្រហមឲ្យឈប់នៅខេត្តបាត់ដំបង។
នៅពេលទៅដល់ខេត្តបាត់ដំបងភ្លាម ក្រុមគ្រួសាររបស់ខ្ញុំអស់ស្បៀងរលីង ។ នៅទីនោះសូម្បីផ្ទះអ្នកភូមិមួយក៏យើងអត់ឃើញមានដែរ។ ខ្ញុំឃើញមានតែរោងមួយដែលប្រចាំការសម្រាប់បើកអង្ករឲ្យប្រជាជនតែប៉ុណ្ណោះ។ ខ្ញុំរស់នៅក្នុងភូមិនោះជាមួយជនជាតិភាគតិច។ ពួកគេមិនដែលស្គាល់ផ្សារ ឬទីក្រុងនោះទេ។ ពួកគេនៅតែក្នុងព្រៃ ចិញ្ចឹមជីវិតដោយការដាក់អន្ទាក់សត្វ និងដាំស្រូវបន្តិចបន្តួចតែប៉ុណ្ណោះ។
ខ្ញុំគ្មានអ្វីជាប់ខ្លួនទេពេលទៅដល់ទីនោះ។ ពេលខ្លះមានបបរខាប់ ពេលខ្លះបបររាវ។ បើដល់ខែច្រូតកាត់ទើបបានបាយមួយវែក។ខ្ញុំធ្លាប់បានទទួលអាហារឆ្ងាញ់ម្ដង គឺនៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ពេលនោះចុងភៅបានកាត់ត្រយូងចេកហាន់ជាកង់ៗ ហើយកាត់សាច់ជ្រូកដាក់ស្ងោរមានខ្លាញ់ជ្រូកដុំធំៗអណ្ដែតត្រៀមត្រាលើឆ្នាំងសម្ល។ នេះជារសជាតិសម្លតែមួយគត់ដែលឆ្ងាញ់បំផុតក្នុងរបបខ្មែរក្រហម។ (នៅមានត។)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print