ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថាដោយផ្អែកលើគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សា ផ្អែកលើស្ថានភាពជាក់ស្តែង តាមវិស័យដែលខ្លួនទទួលខុសត្រូវ គោលនយោបាយយុទ្ធសាស្ត្រ អាទិភាពរបស់ក្រសួងពាក់ព័ន្ធ ហើយជាពិសេសចង្កោមសកម្មភាពដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ននេះដើម្បីជាមូលដ្ឋានក្នុងការគិត និងពិចារណារៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍនេះ ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ការត្រួតពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍខេត្តរយៈពេល៥ឆ្នាំ២០២៥-២០២៩ នារសៀលថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ម្សិលមុិញ ។
លោក នួន ផារ័ត្ន បានលើកឡើងថាយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុកខ័ណ្ឌក្រុមប្រឹក្សាត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍប្រាំឆ្នាំ ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ។ផែនការអភិវឌ្ឍរបស់ថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់ធ្វើជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ណែនាំរាល់ការធ្វើសេចក្តីសម្រេចក្នុងការងារអភិវឌ្ឍន៍ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលនឹងត្រូវទទួលហិរញ្ញប្បទានក្រោមក្របខ័ណ្ឌ ចំណាយរយៈពេលមធ្យម និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធនធានថវិកាពីប្រភពនានាតាមលទ្ធភាពជាក់ស្តែង។ ក្រុមប្រឹក្សាត្រូវទទួលខុសត្រូវពិនិត្យនិងអនុម័ត ផែនការអភិវឌ្ឍនៅឆ្នាំទី១នាំអណត្តិរបស់ខ្លួន និងកម្មវិធីវិនិយោគបីឆ្នាំរំកិលជារៀងរាល់ឆ្នាំ។
លោកអភិបាលខេត្តបានបន្តទៀតថា ផែនការអភិវឌ្ឍ គឺជាឯកសារដ៏មានសារសំខាន់ និងប្រើប្រាស់ជាឯកសារគោលសម្រាប់តម្រង់ទិសក្នុងការដោះស្រាយនូវបញ្ហា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន។ ផែនការអភិវឌ្ឍប្រាំឆ្នាំជា ឯកសារដែលរៀបចំឡើងដោយមានការប្រមូលផ្តុំធាតុចូលពីគ្រប់ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោល បំណងស្វែងយល់ពីរួមគ្នាពីសក្តានុពល ធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានា ដើម្បីរៀបចំក្រប ខ័ណ្ឌអភិវឌ្ឍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អណត្តិប្រាំឆ្នាំរបស់ក្រុមប្រឹក្សា។ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់អ្នកចូលរួមទាំងអស់ អនុវត្តការងារដែលបានដំណើរការកន្លងមកទោះបីជាយើងបានរៀបចំប្រតិទិនការងារដោយមានការអនុម័តពីក្រុមប្រឹក្សាក៏ការអនុវត្តជាក់ស្តែងមានការយឺតយ៉ាវ។
ទន្ទឹមនោះដែរការប្រមូលធាតុចូលនៅក្នុងជំហានទី១ គីការកំណត់បញ្ហាប្រឈម មូលហេតុបញ្ហា តម្រូវការ និងដំណោះស្រាយកម្រិតយល់ដឹងលើការវិភាគនៅមានខ្វះចន្លោះច្រើនជាពិសេសលើការប្រើប្រាស់ទិន្នន័យព័ត៌មាន។ គណៈកម្មាធិការសក្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សា និងជាតំណាងស្ថាប័ន អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ពិនិត្យ ពិចារណាឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នា កំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រនានាដើម្បីការរៀបចំក្របខ័ណ្ឌអភិវឌ្ឍខេត្តសម្រាប់រយៈពេល៥ឆ្នាំរបស់ក្រុមប្រឹក្សាអណត្តិទី៤នេះបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕
ដោយ ៖ សិលា