ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជាលក្ខណៈគ្រួសារដោយសារតែមានជាតិស្រវឹង បានព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យជាតិស្រវឹងរបស់កម្លាំងនគរបាល ខណ្ឌបឹងកេងកង ទោះជាកម្លាំងឃាត់ដើម្បីឱ្យអ្នកបើកបរសហការពិនិត្យជាតិអាល់កុលក្តី ក៏បែរជាបើករត់គេចរហូតដល់ស្តុបបូកគោ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបកម្លាំងតាមឃាត់បាន នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១និង២០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥
នៅចំណុចមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចឃាត់ម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-0799 បើកបរដោយបុរសម្នាក់ រួមដំណើរជាលក្ខណៈគ្រួសារ មានប្រុសស្រី ចាស់ក្មេង។
បើតាមលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះថា រថយន្តមួយគ្រឿងខាងលើ អ្នកបើកបរប្រើប្រាស់ជាតិស្រវឹង លុះធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងរបស់កម្លាំងនគរបាលខណ្ឌបឹងកេងកងយើង ត្រង់ចំណុចមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង តែអ្នកបើកបរមិនព្រមសហការ បែរជាព្យាយាមបើករត់គេចរហូតដល់ស្តុបបូកគោ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបកម្លាំងដេញតាមឃាត់បាន ស្នើសុំឱ្យអ្នកបើកបរសហការ ស្រាប់តែមានស្រ្តីម្នាក់ជាសាច់ញាតិរួមដំណើរជាមួយនោះ ផ្ទុះកំហឹងប្រើប្រាស់សម្តីមិនសមរម្យមកលើកងកម្លាំង តែទោះជាយ៉ាងណាក្តី នគរបាលអនុវត្តទៅតាមគោលការណ៍ច្បាប់ បានឃាត់នាំយករថយន្ត អ្នកបើកបរទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកងជាបណ្តោះអាសន្ន ។
លោកអធិការបញ្ជាក់ផងដែរថា ចំពោះអ្នកបើកបររថយន្ត គាត់មានជាតិស្រវឹងហើយ និងស្ត្រីម្នាក់នគរបាលក៏មិនឃាត់ខ្លួនអ្វីដែរ ដោយមានសាច់ញាតិ ក្រុមគ្រួសារទៅធានាយកទៅផ្ទះសិន ទុកតែរថយន្ត រង់ចាំព្រឹកឡើង អញ្ជើញអ្នកបើកបរ ចូលខ្លួនដោះស្រាយ ពិន័យអន្តរការណ៍ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចំណែកស្ត្រីម្នាក់ជាសាច់ញាតិដែលប្រើប្រាស់សម្តីមិនសមរម្យមកលើកងកម្លាំងនោះ ក៏ត្រូវអញ្ជើញចូលខ្លួនមកសូមទោស និងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញហើយ ៕
ដោយ៖ ជ្រោយពេជ្រ