ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរបង្កភាពងាយស្រួលដល់វិស័យអាកាសចរ តាមរយៈការកាត់បន្ថយពន្ធបន្ថែមទៀត ដើម្បីឱ្យមានជើងហោះហើរកាន់តែច្រើន ដែលឈានទៅរកការនាំយកភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងអំពីការជជែកគ្នាជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យអាកាសចរណ៍ដូច្នេះ៖« ជជែកជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ វិស័យយន្តហោះរបស់យើង អញ្ចឹងយើងត្រូវថែមអីទៀតជួយគាត់? ទម្លាក់ពន្ធ កាត់ទុក ទម្លាក់អី ដើម្បីឱ្យគាត់ជួយនៅក្នុងរយៈពេលប៉ុន្មាន ដើម្បីឱ្យគាត់ហោះបាន ប្រមូលទេសចរមក ដឹកធ្វើcharter flight អីទៅ។ »។
កាលពីពេលទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា រាជរដ្ឋាភិបាលសុខចិត្តខាតរាប់លានដុល្លារ ដើម្បីទម្លាក់ថ្លៃ VISA, ដាក់ចេញ e-VISA ក្នុងគោលដៅកាត់បន្ថយភាពកកស្ទះនៅអាកាសយានដ្ឋាន កាត់បន្ថយពន្ធសួយសារអាករ រៀបចំកញ្ចប់ផ្សេងៗ ដើម្បីបង្កភាពងាយស្រួលដល់វិស័យអាកាសចរណ៍ ទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ប្រទេសកម្ពុជា។
កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣នេះ នៅក្នុងរយៈពេលពេញ១ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការឱ្យមានការចូលរួមពីគ្រប់វិស័យ មន្ត្រីរាជការពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋផងដែរ។ ដើម្បីធ្វើជាមជ្ឈមណ្ឌលសមារហរណកម្ម នៃគោលគំនិតទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនានាឱ្យបានទាន់ពេលវេលាជាដើម។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿជឿជាក់ថាសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា៕
ដោយ ៖ សិលា