Update ៖ លោកអភិសន្តិបណ្ឌិត ស សុខា ស្នើ ឱ្យ បុរសៗ ផ្ដល់តម្លៃដល់ស្ត្រី ក្រោយ ផ្ទុះករណី MC ប្រដាល់គុនខ្មែរ ប្រើសម្ដីលេបខាយនារី ម៉ូដែល លើកស្លាក ទឹក ប្រដាល់

ចែករំលែក៖

ភ្នំពេញ ៖ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ទិវាអន្តរជាតិនារី ៨មីនា នឹងចូលមកដល់ប៉ុន្តែ នៅលើបណ្ដាញសង្គម ឯណេះវិញក៏ផ្ទុះចេញករណី MC ប្រដាល់ប្រើភាសាលេបខាយចំពោះ នារីម៉ូដែលម្នាក់ជាសាធារណៈរហូតផ្ទុះ មតិ រិះគន់ ពី សាធារណជន ។
ក្នុងនាមជាបុរស ជាបងប្រុស ជាស្វាមី និង ជា ឪពុកមួយរូបដែល មានកូនស្រី ដល់ទៅ២នាក់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារ អំពាវនាវទៅកាន់បុរសៗ ជាជនរួមជាតិទាំងអស់ យ៉ាងដូច្នេះជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើននាក់ បានចេញមុខការពារសេចក្ដីថ្លៃថ្នូរសង្គមនិងកិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់។ ទង្វើនិងប្រធានបទនេះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ប្អូនស្រីរូបនោះ និងស្រ្តីផ្សេងទៀត។ ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្សមានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ។ ម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ សម្រាប់កម្ពុជា យើងមានច្បាប់ និងបវេណីដូនតាដ៏ល្អ ដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ។ដូច្នេះទង្វើទាំងឡាយណាដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។ ទាញចេញពីករណីប្អូនស្រី និងទោះដោយចេតនាអ្វីពីសំណាក់ប្អូនប្រុសពិធីករប្រដាល់ ខ្ញុំសូមយកឱកាសនេះ អំពាវនាវបុរសទាំងឡាយ ថា «វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើងកូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើង ដូច្នេះដែរ។ មិនថាបុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍនិងភាពរីកចម្រើនរបស់សង្គមជាតិ»។ ខ្មែរយើងថ្លៃថ្នូរណាស់ ខ្មែរយើងជាពូជអំបូរដែលគោរព និងផ្ដល់តម្លៃដល់ស្រ្តីរាប់រយពាន់ឆ្នាំមកហើយ! មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ គឺមេដែលសំដៅដល់មាតា គឺមេសំដៅដល់ស្រ្តីដែលបង្កើតបានកូនជំនាន់ក្រោយតៗគ្នារបស់មនុស្ស។ ដូច្នេះ ខ្ញុំសង្ឃឹមថា «ពួកយើងជាបុរស នឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម ជាមួយបុរស»៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print