ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ភ្ញៀវមកពីស្ថានទូតអូស្រ្តាលី និងក្រុមហ៊ុនឯកជនអូស្រ្តាលី និងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុប សរុបចំនួនជាង១០០នាក់ អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា ៖ កម្ពុជាមានជើងហោះហើរជាង១ ៣០០ជើង ក្នុងមួយសប្តាហ៍ ! បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលក្នុងប្រទេស។ គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ នេះបើយោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការឡើងជាង ៦០ជើងក្នុងមួយសប្តាហ៍ បើប្រៀបធៀបនឹងចុងឆ្នាំ២០២៤។ សម្រាប់ឆ្នាំនេះ កម្ពុជារំពឹងទុក ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយចំនួនផងដែរ។ ដូចជាក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines របស់ប្រទេសឥណ្ឌា, ក្រុមហ៊ុន Etihad Airways ពីប្រទេសអេមីរ៉េតអារ៉ាប់រួម និង Turkish Airlines ពីប្រទេសតួកគី ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីប្រទេសអេមីរ៉េតអារ៉ាប់រួម ទៅកាន់ខេត្តសៀមរាប។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុន Emirates Airlines នឹងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥។ រីឯ ក្រុមហ៊ុន តួកគីអ៊ែរឡាញ នឹងបើកការហោះហើរ ពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥។
ការដឹកជញ្ជូនតាមផ្លូវអាកាស ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ,ជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍, លើកកម្ពស់ទំនាក់ទំនងសង្គម និងរួមចំណែកបង្កើនចំណូលថវិកាជាតិ។
កាលឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានកំណើនជាវិជ្ជមានល្អ។ ក្នុងនោះ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ៦,២៤ លាននាក់ កើន២២ភាគរយ ដោយ ទទួលបានជើងហោះហើរសរុប ៥៨ ៣៥៤ជើង កំណើន ១៤ភាគរយ។ ជាមួយគ្នានេះ ការដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន មានកំណើនដល់ ៤០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល ពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ។ គិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិសរុបចំនួន៣១ក្រុមហ៊ុន។
ក្នុងឆ្នាំ២០២៤ កម្ពុជា បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។
សូមបញ្ជាក់ថា ៖ រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
ដោយ ៖ សិលា