ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បង្ហោះរូបសម្តេចតេជោ និង សម្តេចគតិបណ្ឌិត អញ្ជើញមករួមអាពាហ៍ពិពាហ៍លោកនៅថ្ងៃទី ៦ មេសា ១៩៨៥ ដោយសំណេរថា ៖ ថ្ងៃមុននិយាយពីពេលរៀបការសម្តេចគតិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា ២០២៥ នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និង សម្តេចគតិបណ្ឌិតមករួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី ៦ មេសា ១៩៨៥ ។ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បន្តថា ៖ ហើយនេះជាលើកទីមួយ ក្រោយ ៧ មករា ១៩៧៩ ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះ ។ ហើយនេះមិនមែនជារឿងចៃដន្យទេ ។ នៅមុនពេលរៀបការ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាតអោយរៀបការទេ ដោយឪពុកក្មេកខ្ញុំ ទេព ថូ ចេញពីយោធាលន់ ណុល ( សក្តិ ៥ ពេទ្យទាហាន ) និង មានអ្នកជំរុញអោយមាននារីអ្នកតវ៉ាផង ( សម័យនោះ មន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស ) ។ មានតែសម្តេចមួយគត់ដែលថាអោយខ្ញុំរៀបការទៅ ។ ដើម្បីបង្ការមានការបំផ្លាញពិធីការនេះ ទើបសម្តេចគតិបណ្ឌិតមកដឹកដៃខ្ញុំ ហើយសម្តេចតេជោបានផ្អាកការប្រជុំគណរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួម ។ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ថា ៖ នេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំ ៕
ដោយ ៖ សិលា