សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧​

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស​ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

– សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្ដីកម្ពុជា​ និងលោកស្រី​បណ្ឌិត បង្ហាញក្ដីរីករាយដែលបានចូលរួម ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដើម្បីរំឭកដល់សិល្បៈវប្បធម៌របស់ខ្មែរដែលមានសារៈសំខាន់ចំពោះអត្តសញ្ញាណ និងមោទនភាពជាតិ។

– សម្ដេចធិបតី ថ្លែង​ថា​ ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលកម្ពុជាប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីផ្តល់អាទិភាពដល់យុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេន​ចូលរួមក្នុងការងារអភិរក្សលើកស្ទួយនិងអភិវឌ្ឍន៍សិល្បៈវប្បធម៌របស់យើងដែលក្នុងនោះក៏មានសិល្បៈវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា។

-សម្ដេចធិបតី ថ្លែងថា​ ការចូលរួមរបស់ខ្ញុំ និងភរិយា នៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា គឺដើម្បីបង្ហាញពីការរម្លឹកដឹងគុណដល់គុណូបការៈបុព្វដូនតាខ្មែរគ្រប់ជំនាន់ ដែលបានបន្សល់នូវសម្បត្តិវប្បធម៌ជាច្រើនដល់កូនចៅជំនាន់ក្រោយ និងដើម្បីបំផុសជនរួមជាតិទាំងក្នុង និងក្រៅប្រទេសរួមគ្នាថែរក្សាមរតកវប្បធម៌ជាតិទាំងអស់គ្នា។

– សម្ដេចធិបតី ថ្លែង​ណែនាំដល់ក្រសួងវប្បធម៌ សហការជាមួយក្រសួងរៀបចំដែនដីចុះបញ្ជីដីធ្លីទីតាំងបេតិកភណ្ឌ វប្បធម៌ជាតិ ឬបុរាណដ្ឋាន ត្រូវចុះបញ្ជី ធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ដើម្បីរក្សាទុកដល់កូនចៅតជំនាន់ទៅមុខទៀត។

-សម្ដេចធិបតី ថ្លែងណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវកំណត់ជាអតិបរមានៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីសហការការពារតម្លៃដើមរបស់សម្បត្តិបេតិកភណ្ឌ រួមទាំងបេតិកភណ្ឌផង និងដើម្បីបញ្ជៀសផលប៉ះពាល់ណាមួយដល់ពលរដ្ឋ។

-សម្ដេចធិបតី ថ្លែងថា​ ស្ថាប័នជំនាញកំពុងរៀបចំចុះបញ្ជីសង្ក្រាន្តកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់យូណេស្កូ ដើម្បីផ្សព្វផ្សាយពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោកចូលរួមរក្សាថែ។

-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តការកែច្នៃបង្កើតថ្មីចំពោះសិល្បៈ វប្បធម៌ខ្មែរ ប៉ុន្ដែកុំឱ្យបាត់អត្តសញ្ញាណជាតិខ្មែរ។ 

-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តឱ្យមានការកែច្នៃ ការបង្កើតថ្មីទៅតាមបច្ចេកវិទ្យាទំនើបចំពោះមរតកវប្បធម៌ខ្មែរ ប៉ុន្តែត្រូវបញ្ជៀសឱ្យបាននូវផលប៉ះពាល់អវិជ្ជមានណា មួយចំពោះទំនៀមប្រពៃណី និងសម្បត្តិវប្បធម៌ខ្មែរ។

-សម្ដេចធិបតី ថ្លែងថា ការអភិវឌ្ឍជាការល្អ ប៉ុន្តែមិនត្រូវអភិវឌ្ឍតាមរយៈការចម្លង(Copy)ពីគេនោះទេ។

-សម្ដេចធិបតី ថ្លែងថា រាល់សកម្មភាពណាមួយ សុំគិតពីការប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេសត្រូវគិតដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា។

-សម្ដេចធិបតី ថ្លែងថា រាល់បញ្ហាដែលកើតមានឡើងផ្ទាល់ខ្លួន សុំស្វែងរកវិធីដោះស្រាយតាមរយៈការជជែកពិភាក្សាជាមួយគ្នា និងមិនគួរបង្ហោះក្នុងបណ្ដាញសង្គមនានាដើម្បីដោះស្រាយបញ្ហា ឬ ហៅសាច់ញាតិមកដោះស្រាយ ឬអាងអ្នកនេះ អ្នកនោះនោះទេ។ 

-សម្ដេចធិបតី​ ថ្លែងបញ្ជាក់បន្ថែមថា ការជជែកគ្នាដោយសន្តិវិធីជាដំណោះស្រាយល្អ ដំណោះស្រាយនាំឱ្យ មានភាពសុខដុមក្នុងសង្គម ប្រសើរជាងការជេរប្រទេចគ្នា ដែលបង្ហាញឱ្យឃើញពីភាពអសីលធម៌ក្នុងសង្គមយើង។

-សម្ដេចធិបតី ថ្លែងថា ការចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បៈនានាដែលជាមរតកវប្បធម៌ខ្មែរ បង្ហាញឱ្យឃើញពីការចូលរួមរក្សាថែសម្បត្តិវប្បធម៌របស់ដូនតាខ្មែរ។

-សម្ដេចធិបតី ថ្លែងថា ខ្ញុំសប្បាយចិត្តពេលឃើញប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយជាច្រើនឡើងវិញនៅអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ខ្ញុំសង្ឃឹមថា ចូលឆ្នាំខ្មែរឆ្នាំនេះ និងឆ្នាំក្រោយៗទៀតបងប្អូនប្រជាពលរដ្ឋនឹងនាំគ្នាលេងល្បែងប្រជាប្រិយឡើងវិញកាន់តែច្រើនថែមទៀត។

-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសសុំរួមគ្នាផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ តាមរយៈផ្ទាល់ខ្លួនក្ដី រៀបចំព្រឹត្តិការណ៍វប្បធម៌នានាក្ដី ដោយធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរួមគ្នាលើកកម្ពស់មរតកវប្បធម៌ខ្មែរលើឆាកអន្តរជាតិ និងរួមគ្នារក្សាថែទាំងអស់គ្នាទោះនៅទីណាក៏ដោយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print