ខេត្តត្បូងឃ្មុំ÷ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលបានគូសបញ្ជាក់ថា ប្រសិនបើយុវជនយល់ច្បាស់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពួកគេនឹងមានក្តីសង្ឃឹមនិងមានកម្លាំងចិត្តក្នុងការសិក្សា។
ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែលលោកអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោកពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួនជិត ៥០០នាក់ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សដែលផ្តល់ប្រយោជន៍ដល់យុវជនទាំងអស់គ្នា។ ក្នុងគោលនយោបាយអាទិភាព៦ចំណុច ក៏មាននិយាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃដល់យុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ។
លើសពីនេះ រាជរដ្ឋាភិបាលក៏មានកម្មវិធីជាតិជំនួយសង្គមដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមាន ផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ ផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រនៅថ្នាក់បឋមនិងមធ្យមសិក្សា និងឧបត្ថម្ភដល់ចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង មានន័យថា រាជរដ្ឋាភិបាលគាំពារដល់ប្រជាពលរដ្ឋចាប់តាំងពីចាប់ កំណើតរហូតដល់ចាស់ជរា។ គោលនយោបាយនេះផ្តល់ក្តីសង្ឃឹមដល់អនាគតរបស់យុវជនគ្រប់រូប។ ដូច្នេះ ក្រៅ ពីការសិក្សានិងស្រាវជ្រាវអំពីចំណេះជំនាញផ្សេងៗដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្មួយៗជាយុវជនក៏ត្រូវឈ្វេង យល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះវាជាក្តីសង្ឃឹម និងជាកម្លាំងចលករជំរុញទឹកចិត្តឱ្យយើងស្រឡាញ់ការសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយ ជាមូលធនមនុស្សសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា។
ទន្ទឹមនឹងការផ្តល់ក្តីសង្ឃឹមដល់និស្សិតតាមរយៈគោល នយោបាយរបស់រាជរដ្ឋាភិបាល ប្រធានអង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជារៀមច្បងដែលកើតក្នុងសម័យសង្គ្រាមនិងដែលបានហែលឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតដើម្បីផ្តល់កម្លាំងចិត្តដល់យុវជនជំនាន់ក្រោយផងដែរ។ បើតាមលោក ប៉ែន បូណា យុវជនជំនាន់មុនបាត់បង់ឱកាសស្ទើរទាំងស្រុងសម្រាប់ការសិក្សា ប៉ុន្តែ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការតស៊ូ ព្យាយាមប្រកបដោយការតាំងចិត្តយ៉ាងមោះមុតទើបមានឱកាសឈរជើងក្នុងសង្គមដូចថ្ងៃនេះ។
ដូច្នេះ យុវជនដែលកើតក្នុងសម័យសន្តិភាព និងសម្បូរ សប្បាយដូចសព្វថ្ងៃ មានឱកាសគ្រប់យ៉ាងដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាបញ្ញវន្តជាន់ខ្ពស់នាពេលអនាគត ប្រសិនបើពួកគេខិតខំស្រវាស្រទេញក្នុងការសិក្សារៀនសូត្រនិងសម្រួចខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏លេចធ្លោស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕