ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយនឹងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា OCIC នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអណត្តិទី ៧បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងនោះ ក្រសួងក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម និងបរិស្ថាន និងលើក កម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង។
ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតចូលរួមអបអរសាទរចំពោះ លោកស្រី ប្រាក់ ខុនដានី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងបានផ្តាំផ្ញើដល់សមាសភាព ដែលបានប្រកាសកែសម្រួលបំពេញ បន្ថែមថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែលជាសេនាធិការឲ្យក្រសួងផែនការសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕