ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដ៏មានសក្ដានុពលសម្រាប់វិនិយោគ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដំណើរដ័ជោគជ័យរបស់អាស៊ានលើទិដ្ឋភាពជាដៃគូសេដ្ឋកិច្ច បានស្ដែងចេញតាមរយៈបណ្ដាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសដែលមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ហើយការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ បានពង្រឹងបន្ថែមទៀតនូវការប្ដេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្ដេចធិបតីបន្តថា វឌ្ឍនភាពរបស់អាស៊ានដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឱ្យតំបន់អាស៊ានក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្រ្ដសម្រាប់លំហូរមូលធនពិភពលោក។ សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្ដែង សម្រាប់វិនិយោគិនដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង។
ក្នុងឱកាសនោះ សម្ដេចធិបតី មានប្រសានស៍បញ្ជាក់ថា តម្លៃ និងភាពជោគជ័យរបស់អាស៊ាន គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស រួមជាមួយនឹងបាវចនា ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ដែលក្នុងនោះរដ្ឋជាសមាជិកទាំងអស់រួមទាំងកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាព សង្គមសេដ្ឋកិច្ចពិតប្រាកដសម្រាប់សហគមន៍របស់យើងទាំងមូល។ សម្ដេចមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរួមនេះបានអនុញ្ញាតឱ្យអាស៊ានអាចឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក។ តំបន់អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់»។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តឥតងាករេ របស់តំបន់អាស៊ាន ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
«វឌ្ឍនភាពរបស់យើង ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ ទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ, បានធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់រំហូរមូលធនពិភពលោក។ សមិទ្ធផលទាំងនេះបានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែងសម្រាប់វិនិយោគិន ដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង»៕
ដោយ ៖ សិលា