ខេត្តឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២.០២៥គ្រួសារទៀត មកពីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅទីលានហាលដំឡូង ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្តឧត្តរមានជ័យ, ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមាន ជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ និងសៀមរាប ព្រមទាំងវត្តមានរបស់សប្បុរសជនជាច្រើនរូប រួមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នេះជាថ្ងៃទី២ នៃបេសកកម្មមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅលើទឹកដីខេត្តឧត្តរមានជ័យ ដែលកាលពីថ្ងៃម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ២.២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុក ចុងកាល់និងក្រុងសំរោង។បន្ថែមពីនេះ កាកបាទក្រហម កម្ពុជាបានប្រគល់ជូន ស្បៀង-សម្ភារៈចំនួន ២២៥ឈុត សម្រាប់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នាំយកអំណោយទាំងនេះ ទៅបន្តចែកជូនដល់លំនៅដ្ឋានប្រជាជនងាយរងគ្រោះបំផុត។ ដូច្នេះសរុបការផ្តល់អំណោយជូនប្រជាជនងាយរងគ្រោះបំផុត ទាំង៥ក្រុង/ស្រុក ក្នុងខេត្តឧត្តរមានជ័យ មានសរុប ៤.៥០០គ្រួសារ។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទទួលបានការឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, សាប៊ូកក់សក់ ១ដប, ស្ករស ១គីឡូក្រាម, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។ ស្បៀង សម្ភារ ថវិកា ខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ លោកអ្នកឧកញ៉ា ភាព ហៀក បានឧបត្ថម្ភ ប្រេងឆា ៥ពាន់ដប, លោកអ្នកឧកញ៉ា ភូ ហុងសួន ស៊ីគង់ទ្រីវ បានឧបត្ថម្ភ មី ៥ពាន់កេស, អ្នកឧកញ៉ា វិញ ហ៊ួរ និងលោកជំទាវ ឆេង សៀង វិញហ៊ួរ តំណាងក្រុមហ៊ុនវិនិយោគរោងចក្រផលិតអគ្គិសនី និងរ៉ែធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ឧបត្ថម្ភ អង្ករចំនួន ៥០តោន, លោកជំទាវឧកញ៉ា លីម ស្រីពៅ ឧបត្ថម្ភ ស្ករស ៥តោន, ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ ឧបត្ថម្ភ សាប៊ូកក់សក់ (ក្លិន) ចំនួន ៥ពាន់ដប, អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភថវិកា ១០លានរៀល, លោកជំទាវ ភេ ដាលីន អ៊ុតឈន ឧបត្ថម្ភថវិកា ៥លានរៀល, អ្នកឧកញ៉ា ឈុន អូន និងលោកជំទាវ ឧបត្ថម្ភថវិកា ៤០០លានរៀល, ឧកញ៉ា លឹម ហេង និងលោកជំទាវ ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ៕