ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នគរបាលស្រុកអង្គរបុរីបានកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ចាត់ការតាមនីតិវិធីបន្ទាប់ពីប្រើអំពើហិង្សាបណ្ដាលឱ្យអ្នកជិតខាងម្នាក់រងរបួស។
មន្ត្រីនគរបាលស្រុកអង្គរបុរីបានឱ្យដឹងថា កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០និង២០នាទី មានករណីហិង្សាដោយចេតនា០១ករណីនៅចំណុចផ្ទះរបស់ឈ្មោះ ជុំ វឿន ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បង្កឡើងដោយឈ្មោះ ហ៊ន វុត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើសកម្មភាពយកចម្ពាមកៅស៊ូដងឈើគ្រាប់ថ្មបាញ់ចំនួន៣គ្រាប់ទៅលើឈ្មោះ ជុំ រឿន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នាត្រូវចំភ្នែក បណ្តាលឱ្យហើមភ្នែក ដាច់ត្របកភ្នែកខាងក្នុង(ខាងស្តាំ) ០១កន្លែង និងដាច់ក្បាលជង្គង់ខាងឆ្វេង០១កន្លែង ។ ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរបូរី។
មូលហេតុដោយសារផឹកស្រាស្រវឹងហើយរករឿងអ្នកជិតខាង។ ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕