ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា យុវជនម្នាក់ដែលជិះរថយន្តម៉ាកM G7 សេរីឆ្នាំ2025 ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជាSB.14.02 បេីកបរបង្កការភ្ញាក់ផ្អេីលរំខានដល់ប្រជាពលរដ្ឋកំពុងដេីរហាត់ប្រាណនៅបរិវេណព្រលានយន្តហោះវាលបែកចានក្រុងបាត់ដំបងកាលពីថ្ងៃទី០៥ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១៨និង០៥នាទីល្ងាច ហេីយត្រូវបានគេថតបង្ហោះក្នុងបណ្តាញសង្គមនោះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វេីការនាំខ្លួនមកធ្វេីការសាកសួរស្រាវជ្រាវហេីយ។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលព្រហ្មទណ្ឌដែលមានលោកវរសេនីយ៍ឯកឈឿង គឹមសុង ស្នងការរងទទួលផែនដឹកនាំស្រាវជ្រាវរហូតនាំខ្លួនមកនោះគឺឈ្មោះ លាប សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំមាន ទីលំនៅបច្ចុប្បន្នភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
យុវជនរូបនេះបានទទួលសារភាពពីសកម្មភាពដែលបានប្រព្រឹត្តិនៅចំពោះមុខសមត្ថកិច្ចហេីយអំពាវនាវសូមកុំឱ្យយុវជនផ្សេងទៀតយកគំរូតាមគាត់ និងពេលចប់ការសាកសួរសមត្ថកិច្ចបានបន្តនីតិវិធី ទៅតាមច្បាប់។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តបាត់ដំបង ក៏សូមយុវជនទាំងឡាយបញ្ឈប់ករណីបង្ហោះម៉ូតូ រថយន្តនៅក្នុងបរិវេណនោះនិងទីកន្លែងដទៃទៀត សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីច្បាប់៕ដោយ៖តារា