ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចង្កោមទី៤ នៃព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារចង្កោមទី៤ នៃព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ឆ្នាំ២០២៥។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំលេខ១ រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារទាំង១០ របស់ចង្កោមទី៤ផងដែរ។
ដោយក្នុងកិច្ចប្រជុំនេះដែរ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារចង្កោមទី៤ នៃព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ឆ្នាំ២០២៥ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារចង្កោមទី៤ និងមានការធ្វើបទបង្ហាញពីក្រុមការងារទាំង ១០ របស់ចង្កោមទី៤ ក្នុងនោះរួមមាន ក្រុមការងារសម្របសម្រួលយុវជន និងផ្គត់ផ្គង់ភេសជ្ជៈ, កម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្រ្កាន្ត, កម្មវិធីតស់ៗលេងទឹក, កម្មវិធីភូមិត្នោត, កម្មវិធីសួនញញឹមអង្គរ និងតាំងបង្ហាញខ្លែងឯក, កម្មវិធីភូមិរចនា និងតូបឆ័ត្រ, កម្មវិធីសួនកុមារ, កម្មវិធីផ្សារស្ទឹងសៀមរាប ក្រុមការងារសម្របសម្រួលផ្គត់ផ្គង់ទឹក អនាម័យសាធារណៈ និងបរិស្ថាន និងក្រុមការងារសម្របសម្រួលកម្មវិធីតំបន់ផ្សេងៗ ។ ក្រោយពីបទបង្ហាញរបស់ក្រុមការងារនីមួយៗត្រូវបានបញ្ចប់ លោក ប្រាក់ សោភ័ណ បានមានមតិចូលរួមបន្ថែមពីលើការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗបន្ថែមទៀតទៅលើផែនការការងារដែលមានស្រាប់។
ជាចុងក្រោយនៃកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចង្កោមទី៤ នៃព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» បានមានមតិបូកសរុបកិច្ចប្រជុំរបស់បានពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រុមការងារទាំង១០ របស់ចង្កោមទី៤ ក្នុងការរៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ២០២៥ កែសម្រួលផែនការ និងសកម្មភាពនានា របស់ក្រុមការងារមួយចំនួន ធ្វើយ៉ាងណាដើម្បីធានាឲ្យព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ២០២៥ ប្រព្រឹត្តិទៅដោយជោគជ័យ និងមានភាពល្អប្រសើរឡើង។ នេះបើយោងតាមប្រភព ពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ៕
ដោយ ៖ សិលា