លោកបណ្ឌិត ទូច សុឃៈ ៖ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំសូមកោតសរសើរ និងគាំទ្រលើកទឹកចិត្តដែលប្រើប្រាស់ស្របតាមព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំង/តម្លើង

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ «ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំសូមកោតសរសើរ និងគាំទ្រលើកទឹកចិត្តដែលប្រើប្រាស់ស្របតាមព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំង/តម្លើង» ក្នុងលោកបានសំណេរ និងលើកយ៉ាងក្បោះក្បាយថា ៖ ខ្ញុំធ្លាប់លើកឡើងច្រើនតាមស្ថាប័នសារព័ត៌មានធំៗ ដែលខ្ញុំធ្លាប់បម្រើការងារ«វិទ្យុស្ត្រី ទូរទស្សន៍ហង្សមាស-រស្មីហង្សមាស វិទ្យុជាតិ វិទ្យុមិត្តភាពកម្ពុជាចិន វិទ្យុឯកជនជាច្រើនទៀត និងតាមថ្នាក់បង្រៀននិស្សិត…» អំពី ងារ «ឯកឧត្ដម លោកជំទាវ»។

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ៖ បច្ចុប្បន្ន ក៏ឃើញមានការកែប្រែការប្រើប្រាស់គួរកត់សម្គាល់។ ដូចជា អភិបាលរងរាជធានីខេត្តចុះក្រោម ពួកគាត់ប្រើត្រឹមលោក លោកស្រី មិនប្រើងារ «ឯកឧត្ដម លោកជំទាវ»។ អគ្គនាយករងចុះក្រោម ទាំងប្រធាននាយកដ្ឋាន ស្នងការ មេបញ្ជាការអហ រាជធានីខេត្ត ទោះគ្មានផ្កាយ ឬផ្កាយប៉ុន្មាន ក៏ពួកគាត់ប្រើត្រឹមលោក លោកស្រី មិនប្រើងារ «ឯកឧត្តម លោកជំទាវ»។

លោកបណ្ឌិត ទូច សុឃៈ ថ្លែងថា ៖ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំសូមកោតសរសើរ និងគាំទ្រលើកទឹកចិត្តដែលប្រើប្រាស់ស្របតាមព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំង/តម្លើង។ ទន្ទឹមនេះ ក៏ខ្ញុំនៅតែទទួលសំណួរពីមហាជន និងសង្កេតផ្ទាល់ខ្លួនឃើញការប្រើប្រាស់ពុំស្របនឹងព្រះរាជក្រឹត្យ អនុក្រឹត្យ ដោយអន្លើដែរ គឺ ពុំមានងារ«ឯកឧត្ដម លោកជំទាវ» តែប្រើ ឬបង្គាប់ឱ្យគេហៅ បើគេមិនហៅខឹង…។

លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ៖ ជាថ្មីម្ដងទៀត និងអាចមានបន្តទៀត ខ្ញុំសូមបញ្ជាក់ថា មុខតំណែងចាប់ពី អភិបាលរងរាជធានីខេត្ត អគ្គនាយករង ប្រធាននាយកដ្ឋាន ស្នងការ តែងតាំងត្រឹមអនុក្រឹត្យរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលគ្មានភ្ជាប់ងារ«ឯកឧត្ដម លោកជំទាវ»ឱ្យនោះទេ និងមេបញ្ជាការអហរាជធានីខេត្ត ក៏ពុំមានងារ«ឯកឧត្ដម លោកជំទាវ»នេះដែរ។ លើសពីនេះ ផ្នែកកងកម្លាំងចាប់ពីផ្កាយ១ឡើងលើ ត្រូវតម្លើងដោយព្រះរាជក្រឹត្យព្រះមហាក្សត្យ តែគ្មានងារ«ឯកឧត្ដម លោកជំទាវ»ទេ ព្រោះជា«ឋានន្តរស័ក្តិ» ពុំមែនមុខតំណែង បើមិនជឿសូមមើលព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្តិនោះទៅ។ ចំណែកឯ ឥស្សរជន ដែលទទួលងារ«…ឧកញ៉ា» ក៏ពុំមានងារ«ឯកឧត្ដម លោកជំទាវ»ដែរ ព្រោះក្នុងព្រះរាជក្រឹត្យមិនបានភ្ជាប់ងារនោះឱ្យឡើយ។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានលម្អិតថា ៖ ឥស្សជននិងមន្ត្រីជាន់ខ្ពស់ ចាប់ពីអភិបាលរាជធានីខេត្ត អគ្គនាយក ថ្នក់ស្មើអគ្គនាយកឡើង ទើបមានងារ«ឯកឧត្តម លោកជំទាវ» ព្រោះតែងតាំងដោយព្រះរាជក្រឹត្យ ហើយក្នុងព្រះរាជក្រឹត្យក៏បានភ្ជាប់ងារនោះស្រាប់មកទៀត។ ចំណែកឥស្សរជន និងមន្ត្រី ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យជា«ជំនួយការ ទីប្រឹក្សា»របស់ថ្នាក់ដឹកនាំឬស្ថាប័ន បន្ថែមលើមុខតំណែងសកម្មបច្ចុប្បន្ន ដែលក្នុងព្រះរាជក្រឹត្យមានចង្អុលងារជា«ឯកឧត្ដម លោកជំទាវ»ផងនោះ យើងមានសិទ្ធិប្រើ។ តែប្រើឱ្យត្រូវរដ្ឋបាល។ បានន័យថា បើក្នុងការងារជំនួយការ ទីប្រឹក្សា អាចប្រើបាន។ តែបើយើងបំពេញតួនាទីភារកិច្ចក្នុងតំណែងរដ្ឋបាលអង្គភាពទេ មិនគួរប្រើឡើយ ព្រោះវាជះឥទ្ធិពលដល់មន្ត្រី។ អ៊ីចឹងហើយបានជារាជរដ្ឋាភិបាលកែទម្រង់ អនុញ្ញាតតែងតាំងមន្ត្រីក្នុងតំណែងជាជំនួយការ ទីប្រឹក្សា តែពុំមានឋានៈស្មើនោះឯង។

លោកបណ្ឌិតថា ៖ ជាទម្លាប់ការហៅមន្ត្រីដែលពុំមានងារ «ឯកឧត្ដម លោកជំទាវ»ក្នុងទំនាក់ទំនងឯកជនថា «ឯកឧត្ដម លោកជំទាវ» គឺគ្រាន់តែជាការគោរពឱ្យតម្លៃជាលក្ខណៈឯកជនប៉ុណ្ណោះ សូមកុំទាញជាទម្លាប់ប្រើផ្លូវការ ខុសរដ្ឋបាលសកល។ សូមអរគុណ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print