ដំណឹងល្អ ! អ្នកមានជំងឺមាត់ឆែប អាចមកទទួលសេវាវះកាត់ ដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា

ចែករំលែក៖

ខេត្តសៀមរាប ៖ អ្នកមានជំងឺមាត់ឆែប អាចមកទទួលសេវាវះកាត់ ដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
សូមបញ្ជាក់ថា ៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រៀបចំវះកាត់ជូនអ្នកមានជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ។

សូមជម្រាបថា ៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះមានបម្រើសេវាពិនិត្យ-ព្យាបាលជំងឺដល់ទៅ១០ផ្នែកធំៗឯណោះ រួមមាន៖ ផ្នែកពិគ្រោះជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកសល្យសាស្ត្រនិងសណ្ដំ ផ្នែកប្រពោធនកម្មវះកាត់ ផ្នែករបួសគ្រាំគ្រានិងវះកាត់ឆ្អឹងសន្លាក់ ផ្នែកត្រចៀក ច្រមុះ បំពង់ក និងវះកាត់មុខនិងឆ្អឹងថ្គាម ផ្នែកវះកាត់ទ្រូងនិងពោះ ផ្នែកប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកវះកាត់ប្រព័ន្ធប្រសាទ។
កន្លងទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉សណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានថ្លែងយ៉ាងដូច្នេះថា «សមត្ថភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានសមត្ថភាពអាចវះកាត់ព្យាបាលខួរក្បាល និងការវះកាត់មួយចំនួន ដូចជាសរីរាង្គខាងក្នុង អ៉ីចឹងសេវាមួយចំនួនអាចព្យាបាលនៅទីនេះបាន»។
សម្ដេចធិបតីបានបន្តថា សេវាព្យាបាលខ្លះមិនអាចចាំយូរទេ ដូចជាការដាច់សរសៃឈាម មិនអាចចាំ១ម៉ោង២ម៉ោងទេ បើទុកយូរហួសពេល អាចគ្រោះថ្នាក់ដល់ជីវិត។
សម្ដេចបានបញ្ជាក់ទៀតថា ទោះបីយើងមិនចង់ឱ្យមានអ្នកឈឺច្រើន តែយើងក៏ត្រូវតែបង្ការក្នុងពេលចាំបាច់។
ក្រៅពីការព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងខេត្តជុំវិញ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះក៏អាចទទួលព្យាបាលអ្នកទេសចរផងដែរ ខណៈខេត្តសៀមរាបជាប៉ូលទេសចរណ៍ស្រាប់។ នេះបើតាមការបន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
សូមជម្រាបថា អគារថ្មីកម្ពស់៤ជាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៣ ដោយមានបំពាក់គ្រឿងបរិក្ខារឧបករណ៍ពិនិត្យនិងព្យាបាលទំនើបៗ ខណៈការសាងសង់អគារនិងការបំពាក់គ្រឿងបរិក្ខារនេះដែរ គឺបានពីជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលស្មើនឹងតម្លៃជិត២០លានដុល្លារ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print