ភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន០១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។
ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួលនិងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយគណៈកម្មាធិការបោះ ឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគម សង្គមស៊ីវិលជាតិក្នុងស្រុក ៕
ដោយ៖ សំរិត