សម្តេចធិបតី អភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារកាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុសដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ ខ្ញុំបានសម្រេច÷

១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ÷
– សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ
– សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។
– សិក្សាធ្វើអោយប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។

២. ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print