នាយករដ្ឋមន្រ្តីកម្ពុជាលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសធំៗ ឱ្យសាងសង់ទារកដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ម្ចាស់រោងចក្រធំៗនឹងកសាងទារកដ្ឋាន នៅតាមបណ្តារោងចក្រនានា ទូទាំងប្រទេស ដើម្បីជួយសម្រាលបន្ទុក របស់កម្មការនី។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សម្ពោធទារកដ្ឋានក្នុងរោងចក្រមួយកន្លែង ស្ថិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខា ភិបាល បន្តយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការងារទារកដ្ឋាន និងថែទាំសុខភាពដល់ទារក និងម្តាយរបស់ពួកគេ នៅតាមរោងចក្រសហគ្រាសនានា ខណៈបច្ចុប្បន្ន បានរៀបចំទារកដ្ឋាន ១៣កន្លែង នៅតាមរោងចក្រសហគ្រាស នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានប្រកាសថា នៅតាមរោងចក្រសហគ្រាស ដែលមានបុគ្គលិក ចាប់ពី១០០នាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈដែលការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ នៅក្នុងពេលនោះ គឺជាលើកដំបូងបំផុត នៅកម្ពុជា។

«ឥឡូវយើង ចេញមួយហើយ យើងនឹងបន្តទៅទៀត គ្រោង២ទៅ៣បន្តទៀត ហើយសង្ឃឹមថានឹងបាន។ ក្រៅពីនោះ យើងមានក្រសួងអប់រំរៀបចំនៅតាមសហគមន៍ សហគមន៍១៣ នៅទូទាំងប្រទេសតូចៗ។ ឥឡូវនៅខេត្តកំពង់ស្ពឺ កំពង់ចាម ចឹងថ្ងៃក្រោយយើងនឹងពិនិត្យបន្ថែមទៀត ហើយនុងសហគមន៍។ ដល់នេះសម្រាប់បងប្អូននៅតាមរោងចក្រនៅសហគ្រាសដែលយើងធ្វើការ»។

កម្មការិនីនៅតាមរោងចក្រសហគ្រាស បង្ហាញការពេញចិត្ដចំពោះការលើកឡើង។ «ជារឿងល្អ អត់អស់លុយ ល្អសម្រាប់ខ្ញុំ មានអ្នកមើលក្មេង មានពេទ្យ ធ្វើការ ទាំងអារម្មណ៍ល្អ»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ចំពោះរដ្ឋមន្រ្តីក្រសួង ការងារ ដែលបានខិតខំយកចិត្តទុកដាក់ បង្កើតទារកដ្ឋានសម្រាប់ក្រុមស្រ្តីបម្រើការងារ នៅតាមបណ្តារោងចក្រនានា នៅទូទាំងប្រទេស ជាច្រើនកន្លងមក៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print