ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត។ គណៈទន្តពេទ្យអះអាងដូច្នេះ គឺផ្អែកលើលទ្ធផលសិក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះផ្សាយតាមបណ្តាញសង្គមលើករណីស្លាប់របស់នារីម្នាក់ ដោយភ្ជាប់មូលហេតុទៅនឹងការពាក់ឧបករណ៍ពត់ធ្មេញ !
ថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា មានការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គមលើ ករណីស្លាប់របស់នារីម្នាក់ ដោយការផ្សព្វផ្សាយទាំងនោះបានភ្ជាប់មូលហេតុ នៃការស្លាប់ទៅនឹងការពាក់ឧបករណ៍ ពត់ធ្មេញ ដែលជាភាសាអង់គ្លេសហៅថា Orthodontic Braces ។ សមាជិក-សមាជិការបស់គណៈទន្តពេទ្យកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធនៃសព បានទៅកាន់ សុគតិភព។
គណៈទន្តពេទ្យកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា៖ គណៈទន្តពេទ្យកម្ពុជាបានយក ចិត្តទុកដាក់ខ្ពស់លើករណីនេះ និងបានចុះអង្កេតសិក្សាយ៉ាងម៉ត់ចត់ជាមួយអាជ្ញាធរពាក់ព័ន្ធ។ យោងតាមរបាយ ការណ៍បឋម អ្នកជំងឺមានជំងឺតាំងពីកំណើត ប្រចាំកាយ ដែលបណ្តាលឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយមាន ដំណើរការមិនប្រក្រតី (Systemic lupus erythematosus, congenital autoimmune disease) ។ ភាពមិនប្រក្រតីនេះ បាន បណ្តាលឱ្យអ្នកជំងឺប្រឈមខ្លាំងនឹងការឆ្លងរោគ។ បើតាមរោគវិនិច្ឆ័យនៃការចូលសម្រាកពេទ្យ នៅមន្ទីរពេទ្យជាតិ មួយក្នុងរាជធានីភ្នំពេញ អ្នកជំងឺមានស្ថានភាពឆ្លងរោគធ្ងន់ធ្ងរ (Severe sepsis) ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធផ្លូវ ដង្ហើម ក៏ដូចជាសរីរាង្គផ្សេងទៀត។ ដូច្នេះគណៈទន្តពេទ្យកម្ពុជាសូមអំពាវនាវដល់សាធារណៈជន មេត្តាវាយតម្លៃ ប្រភពព័ត៌មានក្នុងបណ្តាញសង្គម និងធ្វើការផ្សព្វផ្សាយបន្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាង ការបង្កភាពភ័យខ្លាចដល់អ្នកជំងឺដទៃ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃវិជ្ជាជីវៈទន្តសាស្ត្រ។
គណៈទន្តពេទ្យកម្ពុជា តម្កល់សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងជានិច្ច និងប្តេជ្ញាធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ អនុវត្តការងាររបស់ខ្លួនដោយអនុលោមទៅតាមដែនកំណត់ វិជ្ជាជីវៈ និយាម និងបទដ្ឋានវិជ្ជាជីវៈទន្តសាស្ត្រត្រឹមត្រូវ ៕
ដោយ ៖ សិលា