ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤៤២៦អង្គ/នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។
សម្ដេចធិបតី ថ្លែងបន្តថា រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ៕ដោយ៖តារា