ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យរៀបចំដាក់សៀវភៅ នៅទីតាំងផ្លូវថ្មើរជើងមុខព្រះបរមរាជវាំង ដើម្បីឱ្យកុមារ និងពលរដ្ឋ បានអាន បង្កើនចំណេះដឹង ព្រោះការអានសៀវភៅពិតជាសំខាន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សនិស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
សម្ដេចបវរធិបតី ថ្លែងទៅកាន់អង្គវេទិកាទាំងមូលថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន និងចាប់យកចំណេះដឹងដែលបានជួបប្រទះ និងដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ, ការទទួលបានសញ្ញាប័ត្រតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវបន្តការសិក្សាពង្រីកចំណេះដឹង និងការសិក្សាស្រាវជ្រាវ បន្ថែមទៀត ដើម្បីបង្កើនគំនិតគុណវុទ្ធជំនាញរបស់ខ្លួន សំដៅតាមឲ្យទាន់ការរីកចម្រើនសង្គម និងវិទ្យាសាស្រ្ត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកផងដែរថា ពេលដែលសម្ដេចនៅរៀន ក្នុងបណ្ណាល័យមិនសូវមានសៀវភៅនោះទេ កាលនោះលោកគ្រូ-អ្នកគ្រូចាំបាច់ត្រូវកត់ទាំងអស់ឲ្យសិស្សយកទៅចម្លង និងអានទន្ទេញឲ្យចាំ។ ដោយឡែកបច្ចុប្បន្ននេះ តាំងពីថ្នាក់បឋមទៅគឺ មានសៀវភៅច្រើនដែលជាជម្រើសរបស់សិស្សក្នុងការអាន សិស្សម្នាក់មានសៀវភៅមួយក្បាល និងមានបណ្ណាល័យបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចបានជំរុញទៅកាន់ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើតបណ្ណាល័យ ដើម្បីបង្កើនអំណានជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីប្រជុំជន ឬនៅតាមសួនច្បារក្នុងរាជធានី-ខេត្ត ៕
ដោយ ៖ សិលា