ភ្នំពេញ ៖ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមែនដើម្បីមុខមាត់ត្រកូលហ៊ុនឡើយ ព្រោះការរៀបចំ មិនបានដាក់រូបថតក្រុមគ្រួសារសម្ដេចតេជោឡើយ។ ការរៀបចំនេះ កើតចេញពីសសៃឈាម សមាជិក សសយក ចាប់តាំងពីយុវជនរហូតដល់មន្ត្រីជាន់ខ្ពស់ដែលជាឧបនាយករដ្ឋមន្ត្រី ដើម្បីតែមុខជាតិ និងប្រយោជន៍ជាតិ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តបទៅនឹងការវិភាគរបស់អ្នកវិភាគនៅក្រៅប្រទេស ចេញផ្សាយដោយវិទ្យុអាស៊ីសេរី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបែបនេះ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សនិស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ម្សិលមិញខ្ញុំឃើញ ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត នៅខែមេសា ហើយមានបងប្អូនមួយចំនួន អ្នកនៅក្រៅប្រទេសពេលអាស៊ីសេរីសម្ភាសន៍ ថាធ្វើនេះខាតប្រយោជន៍ អត់បានការអីទេ ចំណាយលុយអត់ប្រយោជន៍នៅពេលប្រជាពលរដ្ឋក្រីក្រ, ទស្សនៈរបស់បងប្អូនដែលលើកនេះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកលើជាក់ស្តែង បើបងប្អូនទៅ សួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់កង់បី អ្នកលក់ដូរ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ សួរគាត់ផ្ទាល់ អត់មានអ្នកអត់សប្បាយចិត្តនោះទេ ពេលធ្វើអង្គរសង្ក្រាន្តនេះ ព្រោះបាននាំមនុស្សទៅលេងនៅទីនោះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មកដល់ពេលនេះសណ្ឋាគារ ផ្ទះសំណាក់នៅខេត្តសៀមរាប មានអ្នកកក់ពេញអស់ហើយ ហើយអ្នកដែលកក់មិនទាន់គេ អាចគ្មានកន្លែងសម្រាកនោះទេ ហេតុនេះហើយសួរថា មានការចាំបាច់ទេក្នុងការរៀបចំព្រឹត្តិការណ៍នេះ? ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត គឺជាការបង្កើតព្រឹត្តិការទេសចរណ៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលប្រទេសយើងមិនសូវមានភ្លៀវទេសចរ គេថារដ្ឋាភិបាលមិនមានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរ តែឥលូវយើង រៀបចំបែបនេះហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយក៏ដើម្បីជាការចូលរួមលើកកម្ពស់ជីវភាពអ្នករស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនេះ មិនមែនធ្វើជំនួសព្រឹត្តិការសង្គ្រាន្តនៅទូទាំងប្រទេសនោះទេ គឺនៅតាមរាជធានី ខេត្ត នៅតែបន្តរៀបចំព្រឹត្តិការ សង្គ្រាន្តនេះ ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានដើរលេងកម្សាន្តនៅគ្រប់ទីកន្លែង។
នាឱកាសនេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរខណៈដែលឆ្នាំមុន បានចុះក្រមារខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយសម្តេចនឹងបន្តរុញជាបន្តបន្ទាប់ទៅទៀតផងដែរ៕
ដោយ ៖ សិលា