សម្តេច ម៉ែន សំអន ៖ ការលើកកម្ពស់គុណតម្លៃនៃអំណានសម្រាប់គុណភាពនៃជីវិត គឺជាការឆ្លើយតបនឹងប្រធានបទ ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងកោតសសើរចំពោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជម្រុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជា ពិសេស ចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” គឺជាការលើកកម្ពស់គុណតម្លៃនៃអំណានសម្រាប់គុណភាពនៃជីវិត និងញ៉ាំងឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបស្រឡាញ់ការអាន ធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់ បន្ថយភាពស្ត្រេស  ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។

សម្តេចកិត្តិសង្គបណ្ឌិតបានសង្កត់ធ្ងន់ថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គម្លាតនៃជំនាន់មនុស្ស មានការថយចុះនៃទំនាក់ទំនងរវាងក្មេង និងមនុស្សចាស់ ជាពិសេស ក្នុងបរិបទនៃឌីជីថលភាវូបនីយកម្ម និងរបៀបរស់នៅបែបទំនើប កាន់តែធ្វើឱ្យគម្លាតកាន់រីកធំ។ ទោះជាយ៉ាងបណាក៏ដោយការអាននៅតែត្រូវបានទទួលស្គាល់ថា ជាការប្រតិបត្តិជាសកល ដែលអាចនាំមនុស្សមកនៅជិតគ្នាជាមួយគ្នា និងយល់ដឹងពីគ្នា។

...

ដើម្បីឆ្លើយតបទៅនឹងប្រធានបទឆ្នាំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏សូមលើកទឹកចិត្តឱ្យមានការគោរព និងការយល់ដឹងអំពីភាពខុសគ្នារវាងជំនាន់ ជម្រុញបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរចំណេះដឹងរវាងមនុស្សចាស និងក្មេងជំនាន់ក្រោយ រួមមាន៖ ការនិទានរឿង ការបង្កើនក្លឹបអានសៀវភៅ និងវេទិការចែករំលែកបទពិសោធន៍ផ្នែកអក្សរសាស្ត្រ វេទិកាសន្ទនានិងជជែកដេញដោល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print