ភ្នំពេញ៖ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីលើកកម្ពស់វិស័យ កីឡាគ្រប់ប្រភេទដោយផ្តល់ប្រាក់បៀវត្សស្មើៗគ្នាដែលមានក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការនិងអនុវត្តដោយអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាធ្វើឲ្យរដ្ឋត្រូវចំណាយថវិកាក្នុង១ខែៗរាប់រយលានរៀលព្រោះចង់បានមកវិញនូវលទ្ធផល១ដ៏ល្អ ប្រសើរនាថ្ងៃអនាគត។
កាលពីពេលថ្មីៗនេះនៅក្នុងក្រុមជម្រើសជាតិមួយចំនួនបានលេចឮពាក្យចចាម អារ៉ាមថាមានកីឡាករកីឡាការិនីមួយចំនួនមិនបានគោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់ មជ្ឈមណ្ឌលដែលមានតួនាទីគ្រប់គ្រង និងបណ្តុះបណ្តាលលើគ្រប់វិញ្ញាសាកីឡានោះឡើយ ផ្ទុយទៅវិញបែរជាបែកធ្លាយនូវរឿងអាស្រូវថា គ្រូបង្វឹកកីឡាខ្លះមិនស្តាប់ថ្នាក់លើរបស់ខ្លួនកីឡាករមិនគោរពវិន័យ ដូច ជាឈប់ច្រើនដងក្នុង១ខែៗ គឺឈប់គ្មានមូលហេតុត្រឹមត្រូវនិងអ្នកខ្លះទៀតថែមទាំងកំពុងកើតជំងឺតួឯកទៀតផង ។
ប្រភពព័ត៌មានពីថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានអប់រំកាយនិងកីឡាបានឲ្យដឹងថា ចាប់ខែសីហាឆ្នាំ២០១៦នេះតទៅ គ្រូណាមិនធ្វើការងារតាមឋានានុក្រមត្រូវរាយការណ៍ទៅក្រុមប្រឹក្សាវិន័យឲ្យកោះប្រជុំណែនាំអប់រំភ្លាម បើមិនស្តាប់ដំណាក់កាលចុងក្រោយប្រឈមនឹងការបណ្តេញចេញ។ កីឡាករកីឡាការិនីម្នាក់ណាឈប់គ្មានហេតុផលត្រឹមត្រូវត្រូវឲ្យគ្រូនិងអនុរក្សកាត់ ប្រាក់ខែមួយចំនួនទុកជាការព្រមាន ។ កីឡាករកីឡាការិនីណាម្នាក់ដែលមកហ្វឹកហាត់គ្មានសីលធម៌ល្អនាំឲ្យជះឥទ្ធិពល អាក្រក់ដល់អ្នកដទៃត្រូវព្រមានហើយ ដំណាក់កាលចុងក្រោយអាចប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ។
ប្រភពព័ត៌មានខាងលើបានបង្ហើបឲ្យ ដឹងទៀតថា ក្នុង១ឆ្នាំៗរដ្ឋបានដាក់ទុនវិនិយោគរាប់ពាន់លានរៀលទៅលើវិស័យ កីឡា ក៏ព្រោះតែចង់បានកិត្តិយសមកជូនជាតិ ហេតុដូច្នេះហើយបើបុគ្គលណាម្នាក់មានចេតនាបន្ទច់បង្អាក់ក្នុងដំណើរការអភិវឌ្ឍវិស័យកីឡា គឺប្រាកដណាស់ត្រូវតែបណ្តេញចេញជាក់ពុំខានឡើយ។ កីឡាករ ត្រូវមានវិន័យអ្នកដែលមានស្នាដៃត្រួវធ្វើ គំរូល្អសម្រាប់អ្នកដទៃទៀត ដើម្បីចូលរួម ជំរុញវិស័យកីឡាជាតិឈានទៅសម្រេចបាននូវលទ្ធផលល្អប្រសើរឡើងនាថ្ងៃ អនាគត ។
គួររំលឹកថា បច្ចុប្បន្នក្រសួងអប់រំយុវជននិងកីឡាបានចំណាយថវិការដ្ឋប្រមាណជិត១ពាន់លានរៀលក្នុង១ខែសម្រាប់ បណ្តុះបណ្តាលកីឡាករថ្នាលនិងកីឡាករពេញវ័យ។ ដូច្នេះការប្រមូលផ្តុំសម្រាប់ឆ្នាំ២០១៦នេះ ក្រុមជម្រើសជាតិត្រូវប្រមូលផ្តុំរយៈពេល៧ខែដើម្បីបំប៉នកម្រិតបច្ចេកទេស ត្រៀមទៅចូលរួមប្រកួតកីឡាផ្សេងៗទាំងថ្នាក់ជាតិថ្នាក់តំបន់និងពិភពលោក៕
ដោយ៖ សារីម