ភ្នំពេញ ៖ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៨៥ បានចែងថា៖ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន) រៀលទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងប្រភេទនៃទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០ (ដប់លាន)រៀលទៅ២៥ ០០០ ០០០ (ម្ភៃប្រាំលាន)រៀល កាលបើអំពើ នេះបានប្រព្រឹត្តក្នុង ករណីណាមួយដូចក្រោម៖
ក- បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។
គ- បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។
ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕
ដោយ ៖ សិលា