សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការងារសម្រាប់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ.។ កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ., អ្នក ជំនាញនៃកម្មវិធី CAPRED និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ០៤ ក្នុងនោះ រួមមាន៖ ១)-ការ ពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែម សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ សំដៅធ្វើយ៉ាងឱ្យមានភាព ច្បាស់លាស់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ, ២)-ការពិនិត្យពិភាក្សាដោះស្រាយនូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក, ៣)-ការពិនិត្យលើសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន និង ៤)- ការគិតគូរកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសម្តែងនូវសេចក្តី សោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាសមាជិក គ.ស.រ.ជ. ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអង្គប្រជុំនូវចំណុច សំខាន់ៗមួយចំនួន រួមមាន៖ របៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ G-PSF ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងការវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លេខាធិការដ្ឋាន គ.ស.រ.ជ. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមក បានសហការល្អ និងផ្តល់ធាតុចូលគន្លឹះសំខាន់ៗ ដែលនាំឱ្យ គ.ស.រ.ជ. អាចឈានទៅសម្រេចបាននូវ ការងារបូកសរុប និងរៀបចំជាសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារនៃយន្តការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីមតិស្វាគមន៍របស់ លោកឧបនាយករដ្ឋមន្ត្រី លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា, លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន គ.ស.រ.ជ. ព្រមទាំង លោក ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការ វិនិយោគកម្ពុជា និងជាអនុប្រធានប្រចាំការ នៃលេខាធិការដ្ឋាន គ.ស.រ.ជ. បានធ្វើបទបង្ហាញសង្ខេបស្តីពី កិច្ចការងារសំខាន់ៗចំនួន ០៣ ក្នុងនោះ រួមមាន៖ ១)-បទបង្ហាញស្តីពីកិច្ចដំណើរការក្នុងការរៀបចំ និង បូកសរុបរបាយការណ៍វឌ្ឍនភាពការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ ២០២៤, ២)-បទបង្ហាញស្តីពីលទ្ធផលការងារ និងខ្លឹមសារសំខាន់ៗ នៃរបាយការណ៍វឌ្ឍនភាពការងារនៃ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និង ៣)-បទបង្ហាញស្តីពីទិសដៅ ការងារបន្ទាប់របស់ គ.ស.រ.ជ.។ បន្ទាប់ពីបទបង្ហាញខាងលើនេះ ក៏មានការបើកនូវវេទិកាសម្រាប់កិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យសមាជិកអង្គប្រជុំលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរសំខាន់ៗចំពោះមុខ ដើម្បី ជំរុញ និងគាំទ្រដល់ដំណើរការនៃការធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការ G-PSF នេះផងដែរ។

ជាលទ្ធផល កិច្ចប្រជុំបានសម្តែងនូវការវាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុងទៅលើខ្លឹមសារនៃ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដែលលេខាធិការដ្ឋាន គ.ស.រ.ជ. បានរៀបចំឡើង និងគ្រោងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបន្តតាមនីតិវិធីនាពេលឆាប់ៗខាងមុខ។ 

មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ០៤ ក្នុងនោះ រួមមាន៖ ១)-ការត្រៀម រៀបចំពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពការងារនៃ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំ ឆមាសទី២ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយមានការ ចូលរួមពីក្រសួង ស្ថាប័ន, វិស័យឯកជន និងតួអង្គពាក់ព័ន្ធ, ២)-ពន្លឿនបញ្ចប់ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ នូវសៀវភៅណែនាំស្តីពីស្តង់ដារនីតិវិធីប្រតិបត្តិនៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការ G-PSF ត្រឹមត្រីមាស ទី២ ឆ្នាំ២០២៥, ៣)-ពន្លឿនបញ្ចប់ការរៀបចំគេហទំព័រសម្រាប់ G-PSF ឱ្យបានមុនដំណាច់ឆ្នាំ២០២៥ និង ៤)-រៀបចំឱ្យមាននូវកិច្ចប្រជុំក្រុមការងារតាមវិស័យឱ្យបានទៀងទាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនវិស័យឯកជនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print