ស្ត្រីជាជនវិបល្លាសស្មារតីសម្រាលកូនដោយខ្លួនឯង ត្រូវបាននាំយកទៅជួយសង្គ្រោះ ពិនិត្យថែទាំ និងតាមដានសុខភាព

ចែករំលែក៖

ខេត្តសៀមរាប ៖ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីមានស្ត្រីម្នាក់ ដែលជាមនុស្សវិបល្លាសស្មារតី និងបានសម្រាលកូនដោយខ្លួនឯង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង និងបានជួយសង្គ្រោះ និងនាំយកស្ត្រីខាងលើ ទៅពិនិត្យ និងតាមដានសុខភាពនៅមន្ទីរបង្អែកខេត្ត ចំណែកទារកបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ និងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមើលថែទាំទារក។

ដោយឡែកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជាម្ដាយខាងលើ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅរកសេវាថែទាំ និងស្ដារនីតិសម្បទានៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីខេត្តកណ្ដាល រយៈពេលវែង។ ចំណែកទារក ត្រូវបានមន្ទីរសង្គមកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើកំណត់ហេតុទុកដាក់កុមារខាងលើបណ្ដោះអាសន្ន នៅអង្គការមេត្តាករុណា រង់ចាំម្ដាយបានជាសះស្បើយមកទទួលកូនទៅរស់នៅជាមួយវិញ។ 

សូមជម្រាបថា ស្ត្រីខាងលើនេះ ជាជនមានស្មារតីវិបល្លាស បានដើរចេញពីផ្ទះដោយគ្មានគោលដៅ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ជាង១០ឆ្នាំមកហើយ ដោយកន្លងមកធ្លាប់មានសាច់ញាតិតែងតែនាំយកគាត់ត្រឡប់ទៅផ្ទះវិញជាច្រើនលើក តែគាត់នៅតែលួចដើរចេញពីផ្ទះដោយគ្មានគោលដៅបន្ត។ ដោយឡែក ចំពោះការសម្រាលកូនលើកនេះ គឺជាលើកទី៤ហើយ ដោយកូនទី១.ក្រោមការជួយសម្របសម្រួលពីក្រុមការងារចម្រុះ ត្រូវបានសាច់ញាតិទទួលយកទារកទៅចិញ្ចឹម និងកូនទី២ និងទី៣ ក៏ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះ និងបានបញ្ជូនទារកឱ្យទៅរស់នៅក្នុងមណ្ឌលមេត្តាករុណា ដើម្បីមើលថែទាំ។

ចំពោះការរៀបចំនាំយកទារកឱ្យទៅរស់នៅជាមួយសាច់ញាតិ និងមណ្ឌលមេត្តាករុណា គឺដោយសារស្ត្រីរូបនេះ មានស្មារតីវិបល្លាស មិនអាចថែទាំទារកបាន ហើយមានពេលខ្លះគាត់មានអារម្មណ៍ខឹងសម្បា តែងតែបោកប្រាស់វត្ថុផ្សេងៗរួមទាំងកូន ដែលនៅក្នុងដៃរបស់ខ្លួន និយាយជារួម គឺដើម្បីរក្សាសុវត្ថិភាពជូនទារកតែប៉ុណ្ណោះ៕

ប្រភព៖ មន្ទីរសង្គមកិច្ច និងមន្ទីរព័ត៌មាន ខេត្តសៀមរាប

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print