ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សានុសិស្ស នៅស្រុកជ័យសែន ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដឹកនាំដោយលោកស្រី សុខា គងពិសី ជាប្រធានកិត្តិយសសមាគម និងមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជាសម្ភារៈសិក្សា និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាស្រែវាល និងសាលាបឋមសិក្សាភ្ញាក់រំលឹក ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកស្រី សុខា គងពិសី បានថ្លែងពីក្ដីរំភើបរីករាយដែលបានមកជួប និងចែករំលែកនូវទឹកចិត្ត សប្បុរសធម៌ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ លោកស្រី បានសង្កត់ធ្ងន់ថា ការអប់រំ គឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ ដូច្នេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា។

លោក គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។ លោក បានកោតសរសើរ ចំពោះការ ខិតខំ ប្រឹងប្រែង របស់ លោកស្រី សុខា គងពិសី និង សមាជិកសមាគមទាំងអស់ ដែលបានយកចិត្តទុកដាក់លើការអប់រំ និង សុខុមាលភាព របស់ សិស្សានុសិស្ស និងអាណាព្យាបាល។ លោក បានបន្ថែមថា កម្មវិធីនេះមិនត្រឹម តែជាការផ្តល់ អំណោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

ជាមួយគ្នានេះ លោកបានណែនាំដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ហើយ ត្រូវកំណត់ ឱ្យបានច្បាស់លាស់នូវចំណុចដែលត្រូវការជួសជុល ឬកែលម្អដូចជា ដំបូល បង្គន់ អនាម័យ បន្ទប់រៀន និងបរិវេណសាលាទាំងមូល។ ឯកឧត្តមបានបញ្ជាក់ថា ការកែលម្អហេដ្ឋា រចនាសម្ព័ន្ធសាលារៀន មិនត្រឹមតែធ្វើឱ្យបរិយាកាសសិក្សាកាន់ តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអនាគតរបស់ សិស្សានុសិស្សផងដែរ។ 

សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានគិតគូរ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីដោះស្រាយ បញ្ហាប្រឈមចំពោះកុមារតាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយផែនការ សកម្មភាព និងលិខិតបទដ្ឋានគតិយុទ្ធនានា ដោយមានការ រួមចំណែកពីអ្នកពាក់ព័ន្ធក្នុងការជួយដល់កុមារយ៉ាងណាក៏ដោយក៏នៅមានកុមារមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា កុមារត្រូវបានគេជួញដូរ រំលោភបំពាន កេងប្រវ័ញ្ច ប្រើអំពើហិង្សា ត្រូវគេបោះបង់ចោល កង្វះអាហារូបត្ថម្ភ ទឹកស្អាត អនាម័យ និងទីជម្រកជាដើម។

ក្នុងន័យនេះ ការយកចិត្តទុកដាក់ ការគិតគូរអំពីការលើកកម្ពស់សិទ្ធិកុមារ ការគាំពារ និង អភិវឌ្ឍន៍កុមារតែមួយជ្រុងគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺយើងចាំបាច់ត្រូវគិតគូរអំពីការ អប់រំឪពុកម្ដាយ អាណាព្យាបាលរបស់កុមារ មានដូចជាជីដូន ជីតា មា មីង បងប្រុស បងស្រី និងអ្នក ពាក់ព័ន្ធដែលនៅកៀកជិតនឹងកុមារបន្ថែមទៀត។ អ្នកទាំងនោះមិនមានតួនាទីត្រឹមតែជាអ្នកចិញ្ចឹមបីបាច់ ថែទាំកូនតូចរបស់ខ្លួនប៉ុណ្ណោះទេ ពួកគាត់ក៏ជាគ្រូទី១ដែលមានតួនាទីក្នុងការអប់រំ និងបង្ហាត់បង្រៀន ផ្សេងៗដល់កូនតូចរបស់ខ្លួននៅតាមផ្ទះថែមទៀត។ ម្យ៉ាងទៀត របៀបចិញ្ចឹមកូនចៅ និងឥរិយាបថ របស់មាតាបិតា អាណាព្យាបាល ឬអ្នកថែទាំកុមារ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍរបស់ កុមារតូច។ ជាក់ស្ដែង កុមាររស់នៅ និងធំធាត់នៅក្នុងគ្រួសារ ឬសហគមន៍ដែលមាន អំពើហិង្សា ពួកគេក៏នឹងអាចក្លាយទៅជាអ្នកប្រព្រឹត្តអំពើហិង្សា ឬក៏ជាជនរងគ្រោះនៃអំពើហិង្សា ឬការរំលោភបំពាន។ ប៉ុន្តែបើឪពុកម្ដាយ អាណាព្យាបាលរបស់កុមារដូចជា ជីដូន ជីតា មា មឹង បង ប្រុស បងស្រី និងអ្នកពាក់ព័ន្ធដែលនៅកៀកជិតនឹងកុមារ មានការយ់ដឹងច្បាស់អំពីការចិញ្ចឹម ថែទាំ អប់រំកូនចៅ ហើយបង្កើនការយកចិត្តទុកដាក់ ការគិតគូរ និងការគាំពារកុមារតូចកាន់តែខ្ពស់នោះ នឹងជួយឱ្យ កុមារមានសុខភាពល្អ មានសុវត្ថិភាព និងអាចក្លាយជាធនធានប្រកបដោយគុណភាពរបស់ប្រទេសជាតិ នាពេលអនាគត។ កន្លងមក មានសា្ថប័នរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួនបានអនុវត្តសកម្មភាពអប់រំ ផ្សព្វផ្សាយអំពីការចិញ្ចឹមកូនចៅបែបវិជ្ជមាន ប៉ុន្តែសកម្មភាពទាំងនោះត្រូវបានមើលឃើញថាមានលក្ខណៈ ជាគម្រោងនៅដាច់ដោយឡែកៗពីគ្នា មិនទាន់មានលក្ខណៈប្រមូលផ្ដុំជាប្រព័ន្ធ ដែលអាចអនុវត្តបាន ទូទាំងប្រទេស ជាពិសេសមិនទាន់បានដាក់កិច្ចការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការអប់រំ ថែទាំកូនចៅនេះទៅក្នុងផែនការ និងកិច្ចការរបស់ឃុំ សង្កាត់ ដែលជារដ្ឋបាលផ្តល់សេវាផ្ទាល់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយយល់ឃើញថា បញ្ហា និងតម្រូវការចំណេះដឹង និងបទពិសោធន៍ក្នុងការចិញ្ចឹម និងការអប់រំថែទាំកូនចៅបែបវិជ្ជមាន ដូចបានរៀបរាប់ខាងលើជាកិច្ចការចាំបាច់ និងអាទិភាព ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការបានសហការជាមួយអង្គការភ្លែនអន្តរជាតិ បានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវ «សៀវភៅណែនាំស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់» ដោយបានចង្អុលបង្ហាញ យ៉ាងច្បាស់អំពី «ដំណើរការនៃការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច» ដើម្បី ជាមូលដ្ឋានសម្រាប់អ្នកពាក់ព័ន្ធយកទៅអនុវត្ត ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print