ប្រភពព័ត៌មានពីកងកម្លាំងយោធារបស់ប្រទេសនីហ្សេរីយ៉ាបានបញ្ជាក់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ថា កម្លាំងទាហាននីហ្សេរីយ៉ាបានធ្វើសកម្មភាពដោះលែងចំណាប់ខ្មាំង១៧៨នាក់ដែលត្រូវក្រុមឧទ្ទាមបូកូហារ៉ាមចាប់ធ្វើចំណាប់ខ្មាំងនាពេលកន្លងមក ។
ក្នុងចំណោមជនដែលត្រូវដោះលែងទាំងនោះមាន១០០នាក់ គឺជាកុមារ ។ កម្លាំងទាហាននីហ្សេរីយ៉ា បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លាប្រឆាំងទៅលើក្រុមឧទ្ទាមបូកូហារ៉ាម ក្នុងគោលដៅបោសសម្អាតក្រុមនេះឲ្យអស់ដើម្បីដណ្តើមទឹកដីដែលបាត់បង់នាពេលកន្លងមកនោះ មកស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវិញ ។
សេចក្តីថ្លែងការរបស់កម្លាំងយោធានីហ្សេរីយ៉ា អ្នកនាំពាក្យ Tukur Gusau បានថ្លែងថា អំឡុងពេលធ្វើប្រតិបត្តិការ កម្លាំងយោធាបានសង្គ្រោះជនដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមឧទ្ទាមភេរវកម្ម១៧៨នាក់ ក្នុងនោះមានក្មេងៗ១០១នាក់ ស្រ្តី៦៧នាក់ និងបុរស១០នាក់ ។
ការជួយសង្គ្រោះនេះបានធ្វើឡើងនៅជិតតំបន់ Aulari ចម្ងាយ៧០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Maiduguri ដែលជាតំបន់ទីប្រជុំជនធំជាងគេបំផុតស្ថិតនៅភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ា ។ ប្រភពមិនបានបញ្ជាក់ទេថា តើប្រតិបត្តិការធ្វើឡើងកាលពីពេលណានោះទេ ។
ប្រភពបន្តទៀតថា ថែមពីលើនេះទៀត មេក្រុមភេរវកម្មរបស់ក្រុមឧទ្ទាមបូកូហារ៉ាម ក៏ត្រូវចាប់ខ្លួនទាំងរស់ ហើយកំពុងតែសាកសួរស្រាវជ្រាវរកបណ្តាញរបស់ពួកភេរវកម្មនេះជាបន្តបន្ទាប់ទៀត ។
កម្លាំងយោធានីហ្សេរីយ៉ាតែងតែប្រកាសអំពីការដោះលែងចំណាប់ខ្មាំងរាប់រយនាក់ពីការចាប់ធ្វើចំណាប់ខ្មាំងរបស់ក្រុមភេរវកម្មបូកូហារ៉ាម ស្ថិតនៅអំឡុងខែថ្មីៗនេះ ជាពិសេសការដោះលែងចំណាប់ខ្មាំងដែលត្រូវឃុំខ្លួននៅក្នុងព្រៃជ្រៅស្ថិតនៅតំបន់ Sambisa នោះតែម្តង ។ តំបន់ព្រៃជ្រៅ Sambisa នេះឯងហើយជាទីតាំងគ្រប់គ្រង និងស្នាក់នៅយ៉ាងសុខសានរបស់ក្រុមឧទ្ទាមបូកូហារ៉ាមជាយូរណាស់មកហើយ ។ ក្រុមឧទ្ទាមបូកូហារ៉ាមក៏បានប្រកាសចុះចូលជាមួយក្រុមរដ្ឋអិស្លាម IS ផងដែរ ។
កាលពីសប្តាហ៍កន្លងមកនេះ កម្លាំងយោធានីហ្សេរីយ៉ាបានបញ្ជាក់ថា ខ្លួនបានដោះលែងចំណាប់ខ្មាំង៣០នាក់ ក្នុងនោះ២១នាក់ជាកុមារ ស្ថិតនៅចម្ងាយ៩០គីឡូម៉ែត្រភាគខាងកើតទីក្រុង Maiduguri ។ ជាមួយគ្នានោះផងដែរ កម្លាំងយោធាបានធ្វើប្រតិបត្តិការចាប់ខ្លួនក្រុមភេរវកម្ម៥៩នាក់ ស្ថិតនៅជិតទីប្រជុំជន Konduga ទីកន្លែងតែមួយ ជាមួយគ្នានោះ ។
កាលពីព្រឹកថ្ងៃទី២ ខែសីហា កម្លាំងយោធានីហ្សេរីយ៉ាបានអះអាងដែរថា ខ្លួនបានបើកយុទ្ធនាការបាញ់ប្រហារពីលើដែនអាកាសទៅលើភូមិមួយឈ្មោះ Bita ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់ព្រៃជ្រៅ Sambisa ដែលទីនោះក្រុមឧទ្ទាមបូកូហារ៉ាមកំពុងរៀបចំត្រៀមវាយប្រហារនោះ ។ ប្រភពបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឲ្យក្រុមភេរវករច្រើននាក់ត្រូវបានសម្លាប់ ។ ប្រភពមិនបានលាតត្រដាងព័ត៌មានលម្អិតនោះឡើយ ។
ក្រុមភេរវកម្មបូកូហារ៉ាមបានធ្វើសកម្មភាពវាយប្រហារយ៉ាងហិង្សានៅក្នុងទឹកដីនីហ្សេរីយ៉ាតែមួយបណ្តាលឲ្យស្លាប់មនុស្សជាង១៥០.០០០នាក់បាត់បង់ជីវិតចាប់តាំងពីឆ្នាំ២០០៩រៀងរហូតមក ។ កាលពីពេលថ្មីៗនេះ ក្រុមភេរវកម្មបានបង្កើនសកម្មភាពវាយប្រហារពង្រីកតំបន់គ្រប់គ្រងរបស់ខ្លួនចូលទៅកាន់ប្រទេសជិតខាងនីហ្សេរីយ៉ាថែមទៀត ៕