អង្គការសហប្រជាជាតិបានព្រមានថា ជនរងគ្រោះរហូតបាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងកើនឡើងជាបន្តបន្ទាប់នៅអំឡុងថ្ងៃខាងមុខនេះ ។ ស្ថិតនៅក្នុងតំបន់បួនភាគខាងលិចមីយ៉ាន់ម៉ាត្រូវបានប្រកាសចាត់ទុកថា ជាតំបន់ស្ថិតក្នុងគ្រាអាសន្ន ក្រោយពីមានគ្រោះទឹកជំនន់យ៉ាងខ្លាំង បង្កឡើងដោយភ្លៀងធ្លាក់ក្នុងរដូវវស្សា បណ្តាលឲ្យស្លាប់មនុស្ស២៧នាក់រួចទៅហើយនោះ។
ប៉ុន្តែទោះបីយ៉ាងណា ក្រុមជួយសង្គ្រោះនៅមិនទាន់អាចទៅកាន់តំបន់រងគ្រោះច្រើនកន្លែងនៅឡើយ ។ ពួកគេរង់ចាំស្តាប់របាយការណ៍ស្តីពីតំបន់ដែលរងគ្រោះខ្លាំងជាងគេ ។ ស្ថិតនៅក្នុងរដ្ឋ Manipur ដែលជាទឹកដីនៅជាប់ព្រំដែនជាមួយប្រទេសឥណ្ឌាភាគខាងកើតនោះ ដីដែលមានទំហំធំបានបាក់មកសង្កត់លំនៅឋានអ្នកភូមិស្លាប់មនុស្សយ៉ាងតិច២១នាក់ ។ ភ្លៀងធ្លាក់ខ្លាំងបានកើតមានឡើងជារឿងធម្មតា ជាពិសេសក្នុងរដូវវង្សានៅប្រទេសមីយ៉ាន់ម៉ា ។ ភ្លៀងនេះបន្តធ្លាក់ខ្លាំងនៅអំឡុងសប្តាហ៍ខាងមុខទៀត ។
អំឡុងពេលនេះដែរ ភ្លៀង និងខ្យល់បង្កជាខ្យល់ព្យុះដែលមានឈ្មោះថា កូមេន ថែមទៀតធ្វើឲ្យពលរដ្ឋរងគ្រោះកាន់តែធ្ងន់ឡើង ។ កាលពីថ្ងៃទី២ ខែសីហា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ បានបញ្ជាក់ថា មនុស្សរហូតដល់១៥៦.០០០នាក់បានរងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់នេះ ដែលបំផ្លាញទាំង១១ស្រុក ប៉ុន្តែវាអាចនឹងកើនឡើងច្រើនជាងនេះ ។
មន្ត្រីកាកបាទក្រហមមីយ៉ាន់ម៉ា លោក Mg Mg Khin បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមមុខយ៉ាងខ្លាំងទៅលើគ្រោះមហន្តរាដ៏ធំធេងនេះ ។ ភ្លៀងធ្លាក់ខ្លាំងត្រូវរំពឹងថា នឹងធ្លាក់មកលើបណ្តារដ្ឋជាច្រើនទៀត ក្នុងនោះមានរដ្ឋ Chin, Rakhine និងMagwe ផងដែរនៅរយៈពេល២ថ្ងៃខាងមុខ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានទៅស្នាក់អាស្រ័យបណ្តោះអាសន្ននៅតាមទីធ្លាវត្ត ប៉ុន្តែមានសេចក្តីរាយការណ៍ថា ពលរដ្ឋមកពីក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ាត្រូវគេបណ្តេញចេញពីជំរំបណ្តោះអាសន្នក្នុងទីធ្លាវត្តមួយចំនួននោះ ។ ទីភ្នាក់ងារព័ត៌មាន Burma Times បានផ្សព្វផ្សាយថា កងកម្លាំងសន្តិសុខបានបណ្តេញពលរដ្ឋភាគតិចកាន់សាសនាមូស្លីមរ៉ូហ៊ីនយ៉ាចេញពីអគារសាលារៀនដែលគេបោះបង់ចោល និងតាមមណ្ឌលសហគមន៍នាកាក្នុងរដ្ឋរ៉ាឃីន ។
ក្រសួងកសិកម្មមីយ៉ាន់ម៉ាបានបញ្ជាក់ថា គ្រោះទឹកជំនន់នេះបណ្តាលឲ្យផ្ទៃដីបង្កបង្កើនស្រូវជាងកន្លះលាន អាក្ស (acre) ត្រូវទឹកជន់លិច ។ ភូមិមួយនៅដាច់ស្រយាលស្ថិតនៅក្នុងស្រុក Chandel រដ្ឋ Manipur តំបន់ព្រំដែនរបស់មីយ៉ាន់ម៉ា មានសេចក្តីរាយការណ៍ថា មានការបាក់ដីយ៉ាងខ្លាំង ។ ក្រុមជួយសង្គ្រោះរំពឹងថា នឹងទៅកាន់ទីនោះទាំងបាកលំបិនដោយសារតែភ្លៀងធ្លាក់ខ្លាំង និងមានការបាក់ដីផងនោះ ។
ស្ពានជាច្រើនកន្លែង រួមជាមួយផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ បានរងការខូចខាត និងបំផ្លាញដោយសារគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះ។ ពលរដ្ឋជាច្រើនពាន់នាក់គ្មានលំនៅឋានស្នាក់អាស្រ័យ ៕