អាជ្ញាធរខេត្ដសៀមរាប ត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

ចែករំលែក៖

ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ អាជ្ញាធរខេត្ត ប្រតិបត្តិករ និងប្រជាពលរដ្ឋទូទាំងខេត្ត បានត្រៀមខ្លួនរួចជាស្រេច ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ និងការស្នាក់នៅ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកលេងកម្សាន្តរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានត្រៀមរៀបចំកម្លាំងការពាររួចហើយ ដោយក្នុងមានកងកម្លាំងរួមរបស់ខេត្ដ និងកម្លាំងប្រជាការពារ ដើម្បីធ្វើយ៉ាងណាជួយសម្រួលលំហូរចរាចរណ៍ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្ដិសុខសុវត្ថិភាពភ្ញៀវទេសចរ។ សម្រាប់ប្រព័ន្ធការពារសុវត្ថិភាព និងលំហូរចរាចរណ៍ក្នុងព្រឹត្តិការណ៍នេះ ក៏មានក្រុមការងារកងកម្លាំងមកពីរាជធានីភ្នំពេញ ចូលរួមការពារសុវត្ថិភាពផងដែរ។

លោក ប្រាក់ សោភ័ណ បានបញ្ជាក់ថា ចំពោះសេវាស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ក៏ទទួលបានកក់បន្ទប់ជាបន្តបន្ទាប់ ខណៈអាជីវករក៏ដូចជាប្រតិបត្ដិករទេសចរ ក៏បានសហការជាមួយអាជ្ញាធរខេត្ដ ពិសេសផ្នែកមន្ទីរទេសចរណ៍ ជាមួយការមិនដំឡើងតម្លៃសេវាកម្មកន្លែងស្នាក់នៅ ឬសេវាម្ហូបអាហារនោះឡើយ។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានកម្មវិធីចំនួន៣៨កម្មវិធី ក្នុងនោះក៏មានកម្មវិធីថ្មីៗទៀត ដូចជា កម្មវិធីភូមិដើមត្នោត ភូមិរចនាជាដើម ដែលនឹងរំលេចក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះ កម្មវិធីចង្វាក់បេះដូងអង្គរ (Angkor comes to life) គឺជាការសម្តែងទស្សនីយភាពដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹកធ្វើឱ្យរស់រវើក ផ្សារភ្ជាប់ជីវិតនៃមរតកបេតិកភណ្ឌអរូបី នៅក្នុងបរិវេណប្រាសាទអង្គរវត្ត និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕

...

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print