ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំតំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមមួយកន្លែង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់ វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គតិយុត្តិនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។
តាមរបាយការណ៍របស់ម្ចាស់សំណើបានឱ្យដឹងថា រោងចក្រផលិតគ្រឿងសង្ហារិមនឹងមានតម្រូវការកម្លាំងពលកម្មប្រមាណជា ៨០ នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់តម្រូវការក្រៅប្រទេសផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានចុះពិនិត្យដំណើររោងចក្រផលិតទឹកថ្នាំគូសគំនូរ និងរោងចក្រផលិតស៊ុមរូបថត ដែលទទួលបានការផ្តល់ការលើកទឹកចិត្តពីអនុគណៈកម្មាធិការវិនិយោគខេត្ត ក្នុងយន្តការតាមដានថែទាំសម្របសម្រួលជូនអ្នកវិនិយោគ ដើម្បីស្តាប់និងប្រមូលធាតុចូលពីវិនិយោគិនផ្ទាល់អំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ៕ដោយ៖តារា