សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការរៀបចំ «អង្គរសង្រ្គាន្ត» មានគោលបំណងអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តែបែរជាមានវិទ្យុបរទេសមួយចំនួន ចោទប្រកាន់ថា ជារឿងអត់ប្រយោជន៍ទៅវិញ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំអង្គរសង្រ្កាន្តនៅឆ្នាំ២០២៥ នេះ គឺជាការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍មួយទៀត ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍ ដែលនឹងជួយលើក កម្ពស់ជីវភាពប្រជាជននៅក្នុងខេត្តសៀមរាបផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ មិនមែនដើម្បីពង្វក់យុវជនកុំឱ្យគិតពីបញ្ហាសង្គម ឬក៏ដើម្បីបង្កើនប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល នោះទេ ប៉ុន្តែ នេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទេសចរបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ម្សិលមិញខ្ញុំឃើញ ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត នៅខែមេសា ហើយមានបងប្អូនមួយចំនួន អ្នកនៅក្រៅប្រទេសពេលអាស៊ីសេរីសម្ភាសន៍ ថាធ្វើនេះខាតប្រយោជន៍ អត់បានការអីទេ ចំណាយលុយអត់ប្រយោជន៍នៅពេលប្រជាពលរដ្ឋក្រីក្រ, ទស្សនៈរបស់បងប្អូនដែលលើកនេះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកលើជាក់ស្តែង បើបងប្អូនទៅ សួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់កង់បី អ្នកលក់ដូរ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ សួរគាត់ផ្ទាល់ អត់មានអ្នកអត់សប្បាយចិត្តនោះទេ ពេលធ្វើអង្គរសង្ក្រាន្តនេះ ព្រោះបាននាំមនុស្សទៅលេងនៅទីនោះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មកដល់ពេលនេះសណ្ឋាគារ ផ្ទះសំណាក់នៅខេត្តសៀមរាប មានអ្នកកក់ពេញអស់ហើយ ហើយអ្នកដែលកក់មិនទាន់គេ អាចគ្មានកន្លែងសម្រាកនោះទេ ហេតុនេះហើយសួរថា មានការចាំបាច់ទេក្នុងការរៀបចំព្រឹត្តិការណ៍នេះ? ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត គឺជាការបង្កើតព្រឹត្តិការទេសចរណ៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅពេលដែលប្រទេសយើងមិនសូវមានភ្លៀវទេសចរ គេថារដ្ឋាភិបាលមិនមានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរ តែឥលូវយើង រៀបចំបែបនេះហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយក៏ដើម្បីជាការចូលរួមលើកកម្ពស់ជីវភាពអ្នករស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនេះ មិនមែនធ្វើជំនួសព្រឹត្តិការសង្គ្រាន្តនៅទូទាំងប្រទេសនោះទេ គឺនៅតាមរាជធានី ខេត្ត នៅតែបន្តរៀបចំព្រឹត្តិការ សង្គ្រាន្តនេះ ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានដើរលេងកម្សាន្តនៅគ្រប់ទីកន្លែង។
នាឱកាសនេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរខណៈដែលឆ្នាំមុន បានចុះក្រមារខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយសម្តេចនឹងបន្តរុញជាបន្តបន្ទាប់ទៅទៀតផងដែរ។
សូមបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំ ពិធីក្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សា ប្រាង្គប្រាសាទអង្គរ សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា ហើយព្រឹត្តិការអង្គរសង្ក្រាន្តនេះ នឹងធ្វើឡើង ដើម្បីចូលរួមអបសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print