ភ្នំពេញ ៖ លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានសមាគម មិត្តភាពកម្ពុជា ចិន បានវាយតម្លៃខ្ពស់ចំពោះ ព្រឹត្តបត្រពិសេស «ឆ្លងកាត់ ភ្នំនិង សមុទ្រក៏ មិនឆ្ងាយពីគ្នា» ដែលត្រូវបានចងក្រង ដោយវិទ្យុមិត្តភាពកម្ពុជា-ចិន។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ លោក ឯក សំអុល ចាត់ទុកថា នេះគឺជាជាស្នាដៃ និងជាសម្មិទ្ធផលថ្មីមួយទៀត ដែលវិទ្យុមិត្តភាពកម្ពុជា-ចិនបានចងក្រង ហើយលោក សូមគោរពសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃព្រឹត្តបត្រពិសេសនេះ ដោយបានបង្ហាញពីការពិតដែលថា ប្រទេសទាំងពីរ នៅមិនឆ្ងាយពីគ្នាទេ កាន់តែជិតស្និទ្ធមានទំនាក់ទំនងរាប់រយជំនាន់មនុស្ស រួមសុខរួមទុក្ខជាមួយគ្នា។
បន្ទាប់ពីបានអានព្រឹត្តបត្រមួយនេះ លោក ឯក សំអុល ចាត់ទុក ខ្លឹមសារគឺល្អណាស់ ឆ្លុះបញ្ចាំងទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ កសិកម្ម សុខាភិបាល ។ល។ ហើយក៏បានឆ្លុះបញ្ចាំងឃើញពីប្រវត្ថិទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេស ទំនាក់ទំនងកាទូត ដែលមានរយៈពេល ៦៧ឆ្នាំមកហើយ។
«វិទ្យុសម្លេងមិត្តភាពកម្ពុជា បើមិនច្រលំទេ បានបង្កើតស្ថានីយ និងធ្វើការផ្សព្វផ្សាយ តាំងពីឆ្នាំ២០០៨ គិតទៅ ១៧ឆ្នាំហើយ ខ្ញុំមានមិត្តភ័ក្រ្តច្រើនណាស់ ក្នុងវិទ្យុមិត្តភាពកម្ពុជាចិន ដូច្នេះ គឺជាស្នាដៃមួយដែលគូសបញ្ជាក់ពីចំណងមិត្តភាព រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជាចិន»។
គួរបញ្ជាក់ថា ព្រឹត្តបត្រពិសេស «ឆ្លងកាត់ ភ្នំនិង សមុទ្រក៏ មិនឆ្ងាយពីគ្នា» នេះប្រើប្រាស់ ជាពីរភាសា គឺ ភាសាខ្មែរ និង ភាសាចិន ដោយបានចងក្រង និងប្រមូលសមិទ្ធផល កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ច ការទូត ការការពារជាតិ វប្បធម៌ ការអប់រំ កសិកម្ម វេជ្ជសាស្រ្តសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ថ្មីៗនេះ៕
ប្រភព ៖ «CCFR China state-controlled media »