ភ្នំពេញ៖ ជនជាតិបរទេសម្នាក់បេីករថយន្តព្រូសលឿនខ្វះការប្រុងប្រយ័ត្ននៅផ្លូវកោងបួងចង្កូតមិនផុតជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម រីឯរថយន្តរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដែលទីតាំងកើតហេតុស្ថិតនៅផ្លូវកោង លេខ១៩២៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត តូយូ៉តាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-4627 បើកបរដោយបុរសជនជាតិបរទេសម្នាក់ រួមដំណើរដោយជនបរទេស៧នាក់ទៀតធ្វេីដំណេីរពីកើតទៅលិច តាមផ្លូវសម្ដេចជាសុីម លុះមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងមួយដើមទាំងកំរោល បណ្តាលឲ្យបាក់ទ្រេតបង្គោលភ្លើង។
ចំណែករថយន្តបានរងការខូចខាតមួយកំណាត់មុខ មិនអាចបន្តដំណើរទៅមុខរួច ខណៈមនុស្សនៅក្នុងរថយន្ត រងរបួសធ្ងន់និងស្រាល។
ក្រោយកើតហេតុ គេឃើញជនបរទេសនៅក្នុងរថយន្តបានហៅតាក់ស៉ីមកដឹកយកទៅព្យាបាលរបួសភ្លាមៗ បន្សល់ទុករថយន្តខាងលើនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ