ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ នៅតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្រោមវត្តមាន លោក តោ គឹមស៊ាន លោកស្រី យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដ បានឱ្យដឹងថា ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងនាពេលនេះ គឺសម្រាប់វិស័យសុខាភិបាល មានមន្ទីរពេទ្យបង្អែកខេត្ដ ទទួលជ័យលាភីចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និងវិស័យអប់រំ មានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងសាលាមត្តេយ្យសិក្សាធនធានអង្គរ ត្រូវបានទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេសដែរ។
លោកស្រី ម៉ននី រង្សី បានឱ្យដឹងទៀតថា ក្បួនដង្ហែនេះធ្វើឡើង ដើម្បីបង្ហាញដល់សាធារណជន ពីលទ្ធផលវិជ្ជមាន និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង៣ របស់ខេត្ត ក៏ដូចជាផ្សព្វផ្សាយបង្ហាញយ៉ាងទូលំទូលាយទៅដល់មហាជនឱ្យបានជ្រាបពីជោគជ័យក្នុងការចូលរួមប្រឡងប្រណាំងរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញដល់វិស័យអប់រំក្នុងខេត្ត បន្តធ្វើកំណែទម្រង់វិស័យអប់រំ ទាំងរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល តាមរយៈលើកកម្ពស់គុណភាពបង្រៀន ការរៀន និងលទ្ធផលសិក្សារបស់សិស្ស ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។ ជាមួយនេះ វិស័យសុខាភិបាល ត្រូវខិតខំបម្រើសេវា ពិនិត្យនិងព្យាបាលទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០២៤ ខេត្តសៀមរាបខេត្ដ បានអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣ ទទួលបានជ័យលាភីមាន ៤អង្គភាពផងដែរ រួមមាន វិស័យអប់រំ នៅសាលាអនុវិទ្យាល័យមិត្ដភាពខ្មែរជប៉ុន ព្រះឥន្ទកោសា ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស សាលាបឋមសិក្សាវត្ដបូព៌ចំណាត់ថ្នាក់លេខ៣ និងសាលាបឋមសិក្សាក្រវ៉ាន់ ចំណាត់លេខ៦ ទូទាំងប្រទេស។ ផ្នែកវិស័យសុខាភិបាល គឺមណ្ឌលសុខភាពគោកចក ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប