ខេត្តកំពង់ចាម÷ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចេញល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បញ្ហាក្មេងទំនើង និងចាត់វិធានការទៅលើការយកម៉ូតូ ឬ រថយន្តមកកែច្នៃអំពូលភ្លើងខុសធាតុដើម ។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ខេត្ត កម្លាំងផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចេញត្រួតពិនិត្យក្មេងទំនើង ក្មេងកែច្នៃម៉ូតូជាសម្លេង ជាភ្លើងខុសលក្ខណ:បច្ចេកទេស នៅបើកបរតាមដងផ្លូវ ភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកំពង់ចាម។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផល សមត្ថកិច្ចយើងបានត្រួតពិនិត្យមធ្យោបាយ ដែលប្រើប្រាស់ភ្លើង និងបំពាក់ស៊ីម៉ាំងបំពងសំលេង ខុសបច្ចេកទេស បានចំនួន ២១ គ្រឿង ក្នុងក្រុងកំពង់ចាម ក្នុងនោះមានម៉ូតូចំនួន១៥គ្រឿង លេងភ្លើងខុសបច្ចេកទេស និងផាស់អេប ចំនួន ៥រឿង លេងភ្លើងខុសបច្ចេកទេស និងឡាន ចំនួន ១គ្រឿង លេងភ្លើងខុសបច្ចេកទេស ។
ដោយឡែក នៅស្រុកស្ទឹងត្រង់សមត្ថកិច្ចយើងបានឃាត់ម៉ូតូ ២គ្រឿង ក្នុងនោះ ១ ម៉ូតូម៉ាក Today ពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ1JJ-2293 បានអប់រំ និងឲ្យដោះភ្លើងចេញនៅហ្នឹងកន្លែង ២ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បានឃាត់យកមកអធិការដ្ឋាន ដើម្បីឲ្យដោះចេញ និងធ្វើកិច្ចសន្យា រួចឲ្យអាណាព្យាបាលមកធានា ។
ទន្ទឹមនឹងនេះដែរ ដោយអនុវត្តទៅតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខេត្ត ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានអំពាវនាវដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់កុំយកមធ្យោបាយទៅកែច្នៃ ខុសលក្ខណៈបច្ចេកទេស បើពុំដូច្នោះទេ សមត្ថកិច្ចនគរបាល និងចាត់វិធានការទៅតាមនិតិវិធី ដោយចាប់អនុវត្តពីថ្ងៃផ្សព្វផ្សាយព័ត៌មាននេះតទៅ ៕