ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ ក្នុងអំឡុងពេលពិភាក្សាជាមួយនឹងប្រធានសហគមន៍តាំងបំពង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សហគមន៍លើបញ្ហាកង្វះខាតទឹកប្រើប្រាស់ ពិសេស សម្រាប់ការស្រោចស្រពដំណាំ ។
សូមបញ្ជាក់ថា ៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារជំនាញរបស់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ប្រភពទឹកចំនួន ២ រួមមាន៖ បឹងលាង និង ត្រពាំងបញ្ចាំពឹកដី ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ក្រុមការងារជំនាញ បានកត់សម្គាល់ថា ប្រភពទឹកទាំងពីរ គឺជាប្រភពទឹកដ៏មានសក្តានុពលចេញពីក្រោមដី នៅក្នុងតំបន់រលាក់កងជើងផ្ទាល់ ដែលនឹងអាចទាញយកទឹកប្រើប្រាស់ជាប់ជាប្រចាំ ហើយក្រុមការងារជំនាញ នឹងគ្រោងបញ្ចប់សិក្សាក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចផ្តល់ប្រយោជន៍ជូនដល់សហគមន៍ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ។
រដ្ឋាភិបាល បានសិក្សារៀបចំកន្លែងសង្គ្រោះបន្ទាន់, បន្ទប់ទឹក, កន្លែងលក់អាហារ និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការខ្នះខ្នែងកសាង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជំរុញ ឱ្យអភិវឌ្ឍតំបន់នេះទៅជា «គោលដៅលំហែបៃតង» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែមីនា បានចុះពិនិត្យតំបន់ភ្នំខ្នងផ្សារដោយផ្ទាល់ ដើម្បីរៀបចំផែនការជំរុញ «គោលដៅលំហែបៃតង»។
អន្តរក្រសួងខាងលើ និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រមួយចំនួន ដូចជា ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ស្តង់ដា និងប្រព័ន្ធផ្គត់ផ្គង់ទឹក។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងនេះ នឹងផ្ដល់ប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពផ្តល់សេវាដល់ទេសចរណ៍ ដែលមកកម្សាន្តនៅភ្នំខ្នងផ្សារ។
លើសពីនេះ ស្ថាប័នពាក់ព័ន្ធដដែលនេះ ក៏បានព្រមព្រៀងលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ របស់ក្រុមហ៊ុនទាំង៤ ដោយបានប្រគល់ដី៤០ហិកតា ជូនសហគមន៍តាំងបំពង់ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីនេះ នឹងផ្ដល់ចំណូលដល់ពលរដ្ឋ ក្នុងមូលដ្ឋាននោះប្រមាណ១០០គ្រួសារ តាមរយៈសេវាកម្មទេសចរណ៍។ ការលុបចំគោលគម្រោងអភិវឌ្ឍន៍នេះ គឺធ្វើតាមបញ្ជារបស់ សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមីនា។
ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នេះបើតាមក្រសួងបរិស្ថាន ដោយបន្ថែមថា នៅទីនោះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល ១ ០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ។ ភ្នំនេះ មានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕
ដោយ ៖ សិលា