រឿង ខ្សែជីវិតខ្ញុំក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (ត)

ចែករំលែក៖

នៅពេលល្ងាចថ្ងៃនោះ សំឡេងមេក្រូចាក់បទចម្រៀងបដិវត្តន៍បន្លឺឡើង។ ចិត្តខ្ញុំចាប់ផ្ដើមពុះកញ្ជ្រោលក៏ប្រញាប់ប្រញាល់យកក្របីទៅចង ហើយក្នុងចិត្តរំភើបចង់ទៅមើលសិល្បៈរបស់គេ។ ទៅដល់ផ្ទះម៉ែដាំស្លរួចជាស្រេច ខ្ញុំ និងបងប្អូនរបស់ខ្ញុំដែលជាក្មេងៗហូបបាយមុនបងៗនិងពុកម៉ែ។ ខ្ញុំហូបបាយមិនទាន់ឆ្អែតស្រួលបួលផង ក៏ដាក់ចានបាយចុះរត់ទៅមើលគេរៀបចំឆាក រហូតដល់គេសម្ដែងនៅម៉ោង ៧ ល្ងាច។ ក្រុមសិល្បៈចាប់ផ្ដើមសម្តែងពីចម្រៀង និងកាយវិការបែបបដិវត្តន៍ ហើយយប់ជ្រៅបន្តិចទើបចាប់ផ្ដើមសំដែងល្ខោន។ប្រជាជនហាក់ជក់ចិត្តសម្បើមណាស់ទៅលើទស្សនីយភាពដែលយើងកម្របានឃើញ ដូច្នេះប្រជាជនមកមើលស្ទើរតែគ្រប់គ្រួសារ។ ខ្ញុំអង្គុយនៅមុខគេ ក្នុងចំណោមអ្នកទស្សនាប្រហែល ៥០០ នាក់ដែលមានមកពីភូមិក្បែរៗនោះ។ ខ្ញុំមិនបានជ្រួតជ្រាបមនោគមវិជ្ជាបដិវត្តន៍ប៉ុន្មានទេ តែខ្ញុំសប្បាយរីករាយក្នុងចិត្តណាស់ដែលបានទស្សនាសិល្បៈម្តងៗ។ ខ្មែរក្រហមបានប្រកាសក្នុងអង្គប្រជុំហាមមិនឲ្យប្រជាជនស្ដាប់ប៉ុស្តិ៍វិទ្យុណាដែលប្រឆាំងនឹងបដិវត្តន៍ទេ តែប្រជាជននៅតែលួចស្ដាប់។
ពុករបស់ខ្ញុំចូលចិត្តស្ដាប់ប៉ុស្តិ៍ប៉េកាំងណាស់ វាជាប៉ុស្តិ៍ដែលខ្មែរក្រហមអនុញ្ញាតឲ្យស្ដាប់។ បើឪពុករបស់ខ្ញុំដឹងថាមានសំឡេងសម្ដេចឪនៅក្នុងមាតិកាហើយ គាត់នៅរង់ចាំស្ដាប់រហូតដល់ចប់កម្មវិធី។ ចំណែកខ្ញុំ និងបងប្អូនរបស់ខ្ញុំជាក្មេងៗតែងតែឆ្លៀតស្ដាប់ប៉ុស្តិ៍ភ្នំពេញ ព្រោះមានកម្មវិធីសិល្បៈច្រើន ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាតឲ្យយើងស្ដាប់ប៉ុស្តិ៍ភ្នំពេញទេ សូម្បីតែបទចម្រៀងពីដើមៗ ក៏គេមិនអនុញ្ញាតឲ្យស្ដាប់ដែរ។
សង្គ្រាមរវាងខ្មែរក្រហម និងរដ្ឋាភិបាល លន់ នល់ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានសភាពខ្លាំងឡើងៗជាបន្តបន្ទាប់។ការឃោសនាត្រូវបានធ្វើទូទាំងតំបន់រំដោះ ទាំងទ្រង់ទ្រាយតូចទ្រង់ទ្រាយធំ។ ថ្ងៃមួយម៉ែរបស់ខ្ញុំត្រឡប់មកពីប្រជុំវិញបាននិយាយប្រាប់កូនៗថា អង្គការឱ្យយើងប្រុងប្រយ័ត្ន កុំឲ្យចាញ់ឃោសនារបស់ខ្មាំង ព្រោះគេថាខ្មាំងយកការណ៍បដិវត្តន៍វាយបដិវត្តន៍។គេថាខ្មាំងបានលើកពាក្យជួនថា បំបាត់នាយទុនបញ្ចេញអង្គការ បំបាត់ពន្ធដារបញ្ចេញវិភាគទាន បំបាត់អ្នកមានបញ្ចេញអ្នកក្រ បំបាត់អាវពណ៌បញ្ចេញអាវខ្មៅបំបាត់អ្នកចេះ បញ្ចេញអ្នកខ្លៅបំបាត់ប្រៀនប្រដៅបញ្ចេញលត់ដំ។ និយាយរួចគាត់សើចហាក់ដូចជាចំអកឲ្យអ្នកនិយាយពាក្យនេះ។
ក្នុងគោលដៅបំបាត់អំពើជិះជាន់ និងការកេងប្រវ័ញ្ច អង្គការបដិវត្តបានប្រកាសឲ្យប្រជាជនក្នុងតំបន់រំដោះឈប់ចាយលុយ ហើយយកលុយប្រគល់ជូនអង្គការវិញ។ នៅចុងខែតុលាឆ្នាំ ១៩៧៤ ខ្ញុំឃើញគណៈឃុំម្នាក់ ប្រធានភូមិម្នាក់ ឈ្លបឃុំបីនាក់ លីការុងដើរប្រមូលលុយតាមផ្ទះប្រជាជន។ពុកម៉ែរបស់ខ្ញុំមានលុយច្រើន ព្រោះពួកគាត់រកបានពីលក់ស្រូវ ជ្រូក ទៅឲ្យផ្សារងងឹតរបស់ពួកវៀតកុង និងលក់ស្រាឲ្យអ្នកភូមិ។ គាត់បានញាត់លុយបាន ៥ កេសគ្រាប់បែក រួចយកទៅកប់ក្នុងដីក្បែរជើងសសរផ្ទះ។ ពេលអង្គការមកប្រមូលលុយ ពុកម៉ែរបស់ខ្ញុំប្រាប់ថា ខ្ញុំចាយលុយអស់ហើយ នៅសល់តែបន្តិចបន្តួចជូនអង្គការ ។ គាត់ក៏ហុចលុយប្រហែលជាប៉ុន្មានពាន់រៀលប៉ុណ្ណោះឲ្យទៅអ្នកមកប្រមូល។ពួកគេមិនបានសួរដេញដោលអ្វីទេ ដោយសារមិនបានដឹងថាពុកម៉ែរបស់ខ្ញុំមានលុយច្រើន។
* ថ្ងៃជ័យជម្នះ ១៧ មេសា :
ពេលវេលាពោរពេញដោយមោទនភាពរបស់ប្រជាជនតំបន់រំដោះបានមកដល់ នៅពេលដែលដំណឹងជ័យជម្នះតាមសមរភូមិនានាបានផ្សាយចេញពីវិទ្យុរណសិរ្សរួបរួមជាតិកម្ពុជា សារព័ត៌មានពន្លឺបូពា៌ និងការប្រកាសពីអង្គការបដិវត្តន៍។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ១៩៧៥ មានយុទ្ធជន យុទ្ធនារីកម្មាភិបាលថ្នាក់ស្រុក យុវជន និងប្រជាជនថ្មីចាស់ចូលរួមពិធីបុណ្យចូលឆ្នាំនៅវត្តត្បែងរាំ។ កម្មាភិបាល ឈ្លប និងតំណាងអង្គការស្រុកឡើងប្រកាសពីក្តីសង្ឃឹមដែលជ័យជម្នះនឹងមកដល់ពេលឆាប់ៗខាងមុខ អមដោយសំឡេងអបអរស្រែកជយឃោស។ ខ្ញុំក៏មានវត្តមានក្នុងចំណោមក្មេងចាស់ជាច្រើននៅក្នុងវត្តដែរ។ ពេលនោះល្បែងប្រពៃណីខ្មែរយើងនៅតែបន្តលេង តែត្រូវប្ដូរទំនុក ឬបែបបទទៅជាបែបបដិវត្តន៍វិញដូចជា ពេលដែលយើងលេងបោះឈូងយើងនៅលេងធម្មតា ប៉ុន្តែត្រូវច្រៀងបទបដិវត្តថា ខ្ញុំបោះឈូងទៅ មិត្តអើយឈូងរត់រមិញ ពួកអាភ្នំពេញ មិត្តអើយជិតដល់ថ្ងៃបរាជ័យ។ មានទំនុកច្រៀងជាច្រើនទៀតដែលប្រជាជនច្រៀងពេលលេងបោះឈូងដែលមានអត្ថន័យប្រឆាំងរបបលន់នល់និងអាមេរិកជាដើម។
ពេលហូបបាយថ្ងៃត្រង់រួច ពុកម៉ែរបស់ខ្ញុំសម្រាន្ត ខ្ញុំយកវិទ្យុមកបើកស្ដាប់ឆ្ងាយពីគាត់។ វិទ្យុភ្នំពេញពេលនោះមិនសូវផ្សាយពីការលេងកម្សាន្តទេ ច្រើនតែផ្សាយពីការប្រកាសរឹតបន្តឹងសន្តិសុខដូចជា ការបិទចរាចរណ៍ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៦ ព្រឹក និងវិធានការផ្សេងៗទៀតជាច្រើន។ដោយសារផ្ទះរបស់ខ្ញុំមានរបងឫស្សីព័ទ្ធជុំវិញ និងមានឆ្កែធំៗពីរក្បាលផងនោះ គ្រួសាររបស់ខ្ញុំអាចបើកវិទ្យុប៉ុស្តិ៍ភ្នំពេញស្តាប់រាល់ថ្ងៃបានដោយមិនសូវបារម្ភទេ។សភាពការណ៍ក្រុងភ្នំពេញកាន់តែតឹងតែង ចំណែកឯពុកម៉ែរបស់ខ្ញុំកាន់តែតាមដានខ្លាំងជាងមុនទៅទៀត។ ព្រឹកថ្ងៃ ១៧ មេសា ១៩៧៥ បន្ទាប់ពីស្រោចដំណាំក្បែរផ្ទះរួច ខ្ញុំឡើងទៅលើផ្ទះ ហើយយកវិទ្យុមកបើកប៉ុស្តិ៍ភ្នំពេញស្ដាប់ ខ្ញុំមិនឮមានកម្មវិធីអ្វីសោះមានតែភ្លេងសុទ្ធរហូត។ នៅម៉ោងជិត១០ព្រឹកពេលដែលខ្ញុំកំពុងធ្វើការ

ខ្ញុំងាកទៅទ្វាររបងផ្ទះឃើញលោកបងគឹម ស៊ន ដែលបួសនៅវត្តត្បែងរាំនិមន្តយ៉ាងលឿនសំដៅមកផ្ទះយើង។ ពេលមកដល់មុខផ្ទះលោកបងក៏មានដីកាទាំងត្រហេបប្រហបថា ឯណាញោមទៅណាហើយ មានបើកវិទ្យុស្ដាប់ទេគេវាយបែកភ្នំពេញហើយ។ ពុកម៉ែរបស់ខ្ញុំក៏ប្រើខ្ញុំឲ្យឡើងទៅបើកវិទ្យុនៅលើផ្ទះ។ ពេលបើកវិទ្យុ ខ្ញុំឮមេទ័ពខ្មែរក្រហមនិយាយតាមវិទ្យុថា កងទ័ពបដិវត្តន៍យើងបានរំដោះក្រុងភ្នំពេញបានទាំងស្រុង និងជាស្ថាពរដោយការប្រយុទ្ធយ៉ាងស្វិតស្វាញ គ្មានចរចា គ្មានការសម្របសម្រួលអ្វីទាំងអស់ យើងខ្ញុំសូមអញ្ជើញលោកលន់ នល់ មកកាន់ទីចាត់ការជាបន្ទាន់។បន្ទាប់មកមនុស្សម្នាក់ទៀតនិយាយតាមវិទ្យុថា ខ្ញុំសូមអញ្ជើញលោកសុខ សុខន និងលោកចាប ឆុន ជួបខ្ញុំនៅមន្ទីរឃោសនាការ ខ្ញុំថេន ដឿន។ បន្ទាប់ពីឆាន់ចង្ហាន់ថ្ងៃត្រង់រួច លោកបងគឹម ស៊ន មិនទាន់និមន្តទៅវត្តវិញទេ លោកបងមកក្បែរពុកម៉ែ ហើយមានសង្ឃដីកាថា ញោមអើយ! កាលសង្គ្រាមវាយចក្រពត្តិស្លាប់មនុស្សប៉ុណ្ណឹងដល់ពេលសង្គ្រាមវាយវណ្ណៈ ស្លាប់មនុស្សលើសហ្នឹងច្រើនដងទៀត។ ខ្ញុំនៅអង្គុយក្បែរនោះដែរក៏លូកសម្ដីបន្តិចថា បើអ៊ីចឹងឯករាជ្យម្ដងហ្នឹងមិនដូចឯករាជ្យមុនទេ។ ឮដូច្នេះ ម៉ែគំរាមខ្ញុំថា ឯងជាកូនក្មេងកុំមាត់រអិលពេក។ ប្រជាជនក្នុងភូមិភាគច្រើនសប្បាយរីករាយនឹងជ័យជម្នះនេះ។ មេគ្រួសារខ្លះលោតទន្រំ្តរហូតដល់បាក់រនាបផ្ទះ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print